(ប៉េកាំង)៖ អាជ្ញាធរពន្ធដារចិនបានឱ្យដឹងនៅថ្ងៃពុធនេះ កំពូលតារាសម្ដែងចិនអ្នកនាង ហ្វាន ពីងពីង (Fan Bingbing) ត្រូវបានបង្គាប់បង់ពន្ធចូលរដ្ឋវិញ និងពិន័យជាប្រាក់រាប់រយលានយ័នពីបទគេចពន្ធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨។
ប៉ុន្តែព្រមពេលជាមួយគ្នា អាជ្ញាធរពន្ធដារចិនមិនបានបញ្ជាក់អ្វីបន្ថែមនោះទេ។ អ្នកនាង ហ្វាន ពីងពីង មិនបានបង្ហាញខ្លួនជា សាធារណអស់រយៈពេលជាច្រើនខែមកហើយ ខណៈមានពាក្យចចាមអារ៉ាមជាច្រើនថា កំពូលតារាសម្ដែងរូបនេះ ត្រូវបានអាជ្ញាធរចិនចាប់ខ្លួនពីបទគេចពន្ធ។ ចំណែកឯ ទីកន្លែងដែលអ្នកនាង Fan កំពុងស្ថិតនៅក៏ពុំទាន់ត្រូវបានគេឱ្យដឹងនៅឡើយដែរ។
អ្នកនាង Fan Bingbing មិនបានបង្ហាញខ្លួនជាសាធារណៈ តាំងតែពីខែមិថុនាមកម្ល៉េះ ពោលគឺបន្ទាប់ពីអ្នកនាងបានបង្ហោះរូបភាព នៅលើបណ្ដាញទំនាក់ទំនងសង្គមថា អ្នកនាងបានធ្វើដំណើរទៅកាន់មន្ទីរពេទ្យកុមារមួយកន្លែង ស្ថិតនៅក្នុងតំបន់ទីបេ។ បន្ថែមពីលើនេះ អត្ថបទមួយចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Securities Daily កាលពីថ្ងៃទី០៦ ខែកញ្ញា ហើយដែលក្រោយមកត្រូវបានលុបចោលវិញភ្លាមៗបានអះអាងថា អ្នកនាង Fan កំពុងស្ថិតនៅក្រោមការឃ្លាំមើលរបស់អាជ្ញាធរចិន និងកំពុងប្រឈមមុខ ការកាត់ទោសពីបទគេចពន្ធ។
គួរបញ្ជាក់ថា ឆ្នាំ២០១១ សិល្បករដ៏ល្បីម្នាក់ គឺលោក អៃ វៃវៃ (Ai Weiwei) ត្រូវបានអាជ្ញាធរចិនឃុំខ្លួនរយៈពេលជិត ០៣ខែ ក្រោយមានសេចក្ដីរាយការណ៍ថា លោកបានបាត់ខ្លួនដោយអាថ៌កំបាំង។ ប៉ុន្តែក្រោយមកលោកត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីលោកយល់ព្រមចុះហត្ថលេខាផ្ដល់សម្បទាន ឱ្យអាជ្ញាធរដែលចោទថា លោកគេចវេសមិនបងពន្ធ៕