(ម៉ូស្គូ)៖ ទីបំផុតប្រព័ន្ធខែលការពារអាកាសរុស្ស៉ី S-300 ត្រូវបានបញ្ជូនទៅដល់ទឹកដីប្រទេសស៉ីរី ហើយបើតាមការបញ្ជាក់ពីរដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Sergei Shoigu វានឹងជួយធានាសុវត្ថិភាពដល់កងទ័ពរុស្ស៉ី ដែលឈរជើងនៅទីនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨។
លោក Sergei Shoigu បានឲ្យដឹងថា ប្រព័ន្ធ S-300 ដែលបានទៅដល់ប្រទេសស៉ីរី កាលពីដើមសប្តាហ៍នេះ មានចំនួន០៤គ្រឿង ហើយការប្រគល់សព្វាវុធនេះ ត្រូវបានធ្វើឡើងក្រោមវិធានការ ដែលមានគោលដៅពង្រឹង សមត្ថភាពការពារដែនអាកាសនៅស៉ីរី និងបង្កើនការការពារសម្រាប់យោធារុស្ស៉ីនៅទីនោះ។
គួរជម្រាបថា កាលពីថ្ងៃទី១៧ ខែកញ្ញា កន្លងទៅនេះ យន្តហោះឈ្លបការណ៍មួយគ្រឿងរបស់រុស្ស៉ីធុន Il-20 ត្រូវបានប្រព័ន្ធការពារដែនអាកាស S-200 របស់ស៉ីរី ច្រឡំបាញ់ទម្លាក់ នៅពេលយន្តហោះនោះ ត្រៀមខ្លួនចុះចតនៅបន្ទាយទ័ពអាកាសរុស្ស៉ី Hmeymin ស្របពេលដែលកងយន្តហោះចម្បាំងអ៉ីស្រាអែលចំនួន០៤គ្រឿង កំពុងបើកការវាយប្រហារទៅលើប្រទេសស៉ីរី នៅក្បែរតំបន់នោះដែរ៕