(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ គេហទំព័រ USNI News បានចេញផ្សាយថា ការដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំងរបស់កងនាវាអាមេរិក បាន ធ្លាក់ចុះក្នុងរយៈពេល ២៥ឆ្នាំមកនេះ ខណៈកំពុងមានការព្រួយបារម្ភលើការចំណាយផ្នែកហិរញ្ញវត្ថុ នៅក្នុងការដាក់ពង្រាយ និងការធ្វើប្រតិបត្តិការនៅតាមតំបន់យុទ្ធសាស្ត្រនានា៕
២៖ ក្រោយពីបានជាប់ឆ្នោតបន្តជាប្រធានបក្សកាន់អំណាច នាយករដ្ឋមន្រ្តីជប៉ុនលោក ស៉ីនហ្សូ អាបេ នាថ្ងៃអង្គារនេះបានធ្វើការរំលាយរដ្ឋាភិបាល ដើម្បីបង្កើតសមាសភាពគណៈរដ្ឋមន្ត្រីថ្មី៕
៣៖ គិតមកទល់រសៀលថ្ងៃអង្គារនេះ ចំនួនមនុស្សបាត់បង់ជីវិត ក្នុងគ្រោះមហន្តរាយរញ្ជួយដី និងស៊ូណាមិដ៏អាក្រក់ នៅប្រទេស ឥណ្ឌូណេស៊ី បានកើនដល់១,២៣៤នាក់ហើយ៕
៤៖ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Instagram បានសម្រេចតែងតាំងអ្នករចនាជើងចាស់របស់ Facebook គឺលោក អាដាម ម៉ូស្សឺរី (Adam Mosseri) ជានាយកប្រតិបត្តិ (CEO) ថ្មីរបស់ខ្លួន ក្រោយការប្រកាសលាលែងពីតំណែងគួរឲ្យភ្ញាក់ផ្អើលរបស់សហស្ថាបនិក Instagram៕
៥៖ ក្រសួងការពារជាតិចិន នៅថ្ងៃអង្គារនេះបានឱ្យដឹងថាខ្លួនបានបញ្ជូននាវាពិឃាតទៅបណ្ដេញនាវាពិឃាតអាមេរិកមួយគ្រឿង ឱ្យចេញឆ្ងាយពីតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង៕
៦៖ កូរ៉េខាងជើងមិនចង់បានសន្ធិសញ្ញាប្រកាសបញ្ចប់សង្រ្គាមកូរ៉េឡើយ បើសិនជាសហរដ្ឋអាមេរិកមិនចង់បាន ហើយថាការប្រកាសបិទបញ្ចប់សង្រ្គាមកូរ៉េជាផ្លូវការ មិនគួរត្រូវបានគេប្រើប្រាស់ជាលក្ខខណ្ឌ នៅក្នុងកិច្ចចរចាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េនោះឡើយ៕