(តូក្យូ)៖ ក្រោយពីបានជាប់ឆ្នោតបន្តជាប្រធានបក្សកាន់អំណាច នាយករដ្ឋមន្រ្តីជប៉ុនលោក ស៉ីនហ្សូ អាបេ នាថ្ងៃអង្គារនេះបានធ្វើការរំលាយរដ្ឋាភិបាល ដើម្បីបង្កើតសមាសភាពគណៈរដ្ឋមន្ត្រីថ្មី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨។
បើយោងតាមបញ្ចីឈ្មោះរដ្ឋមន្រ្តីចំនួន ១៩រូប ដែលប្រកាសដោយលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រីជប៉ុន រដ្ឋមន្រ្តីបច្ចុប្បន្នតែ ០៦រូបប៉ុណ្ណោះ ដែលនៅបន្តកាន់តំណែងដូចដើមដដែល ដោយទាំងនោះសុទ្ធតែជារដ្ឋមន្រ្តីសំខាន់ និងទំនងជាមន្រ្តីជំនិតៗរបស់លោក អាបេ ផ្ទាល់។
រដ្ឋមន្រ្តីទាំង០៦រូប រួមមាន លោក Suga ផ្ទាល់ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Taro Aso រដ្ឋមន្រ្តីការបរទេស លោក Taro Kono រដ្ឋមន្រ្តីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Hiroshige Seko រដ្ឋមន្រ្តីដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ លោក Keiichi Ishii និងរដ្ឋមន្រ្តីស្តាសេដ្ឋកិច្ចលោក Toshimitsu Motegi។ ចំណែកសម្រាប់រដ្ឋមន្រ្តី១៣នាក់ផ្សេងទៀត ក្នុងនោះមានសមាសភាពថ្មី១២នាក់ និងអតីតរដ្ឋមន្រ្តីម្នាក់។
គួរជម្រាបថា ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២០ ខែកញ្ញាកន្លងទៅលោក អាបេ បានផ្តួលគូប្រជែងគឺអតីតរដ្ឋមន្រ្តីការពារជាតិ លោក ស៊ីហ្គែរុ អ៊ីស៊ីបា (Shigeru Ishiba) ហើយបន្តឈ្នះក្នុងអាណត្តិទីបីជាប់គ្នា ក្នុងនាមជាប្រធានបក្សអំណាច LDP៕