(ឡុងដ៍)៖ អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Jonson នឹងធ្វើសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះទៅកាន់គណបក្សអភិរក្សនិយម ជាមួយការបង្ហាញគោលជំហរជំទាស់នឹងផែនការចាកចេញពីសហភាពអឺរ៉ុបឬ Brexit របស់នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May។ នេះបើតាមសេចក្ដីព្រាងសុន្ទរកថារបស់លោក Jonson ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨។
យោងតាមសេចក្ដីព្រាងសុន្ទរកថា ដែលទីភ្នាក់ងារសារព័ត៌មាន Reuters ទទួលបាន លោក Jonson ក៏នឹងជម្រុញផងដែរឱ្យគណបក្សអភិរក្សនិយមជឿជាក់លើតម្លៃនៃគំនិតអភិរក្សនិយម។ សេចក្ដីព្រាងសុន្ទរកថានេះដដែល បានបញ្ជាក់បន្ថែមថាលោក Jonson នឹងធ្វើការកត់សម្គាល់ដូច្នេះថា៖ «យើងមិនគួរដំឡើងពន្ធនោះទេ ប៉ុន្តែផ្ទុយទៅវិញយើងគួរតែកាត់បន្ថយពន្ធ...ហើយនេះគឺជាយុទ្ធសាស្ត្ររបស់ក្រុមអ្នកអភិរក្សនិយម ដែលយើងគួរតែដើរតាមតម្លៃអភិរក្សនិយមរបស់យើង»។ លើសពីនេះទៅទៀត នាឱកាស នោះ លោក Jonson ក៏នឹងបង្ហាញផងដែរនូវគោលជំហរជំទាស់នឹងផែនការចាកចេញពីសហភាពអឺរ៉ុបឬ Brexit របស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May។
គួរបញ្ជាក់ថា លោក Boris Jonson បានចាកចេញពីរដ្ឋាភិបាលរបស់លោកស្រី May ដោយសារតែលោកបានបង្ហាញពីគោលជំហរ ជំទាស់យ៉ាងខ្លាំងទៅនឹងនឹងផែនការចាកចេញពីសហភាពអឺរ៉ុបឬ Brexit របស់នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះដែលកំពុងស្វះស្វែង រកកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប មុននឹងទីក្រុងឡុងដ៍ត្រូវចាកចេញពីប្លុកមួយនេះជាផ្លូវការនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩៕