(វ៉ាស៊ីនតោន)៖ គេហទំព័រ USNI News បានចេញផ្សាយថា ការដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំងរបស់កងនាវាអាមេរិក បាន ធ្លាក់ចុះក្នុងរយៈពេល ២៥ឆ្នាំមកនេះ ខណៈកំពុងមានការព្រួយបារម្ភលើការចំណាយផ្នែកហិរញ្ញវត្ថុ នៅក្នុងការដាក់ពង្រាយ និងការធ្វើប្រតិបត្តិការនៅតាមតំបន់យុទ្ធសាស្ត្រនានា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨។
យោងតាមការសិក្សារបស់លោក USNI News បានឱ្យដឹងទៀតថា នាវាផ្ទុកយន្ដហោះចម្បាំងតែ ១៥ភាគរយប៉ុណ្ណោះរបស់កងនាវាអាមេរិកត្រូវបានដាក់ពង្រាយនៅក្នុងឆ្នាំ២០១៨ នេះ។ ម្យ៉ាងវិញទៀត ក្នុងរយៈពេល ១៥ខែ ចុងក្រោយនេះគេក៏សង្កេតឃើញផងដែរថា នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកមានចំនួនតិច ត្រូវបានដាក់ឲធ្វើប្រតិបត្តិការចាប់តាំងពីឆ្នាំ១៩៩២មក ហើយមូលហេតុចម្បងនៃការ ធ្លាក់ចុះនេះគឺមានជាប់ពាក់ព័ន្ធនឹងការចាយវាយលើការធ្វើប្រតិបត្តិការ នៃការដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំង និងយន្ដហោះ។
ជាក់ស្ដែងបើតាមឧត្តមនាវីអាមេរិកលោក បៀល ម៉ូរ៉ាន (Bill Moran) ប្រតិបត្តិការនៃនាវាផ្ទុកយន្ដហោះចម្បាំងលំដាប់ថ្នាក់ នីមីតស៍ (Nimitz-class) ត្រូវចំណាយប្រាក់អស់ជាង ២៩៨លានដុល្លារក្នុងមួយឆ្នាំ ខណៈគ្រាន់តែយន្ដហោះចម្បាំង F/A-18 ធ្វើការហោះហើររយៈពេលមួយម៉ោង ត្រូវចំណាយអស់ប្រាក់ ១០,៥០៧ដុល្លារឯណោះ។ លើសពីនេះទៅទៀត លោក Bill Moran ក៏បានបញ្ជាក់ដែរថា ចាប់តាំងពីមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១មក សហរដ្ឋអាមេរិកគឺផ្ដោតសំខាន់លើសង្រ្គាមផ្លូវគោក ដែលត្រូវចំណាយអស់ប្រាក់យ៉ាងសន្ធឹកសន្ធាប់ លើកងទ័ពជើងគោកជាជាងកងទ័ពជើងទឹក៕