(ហ្សាការតា)៖ គិតមកទល់រសៀលថ្ងៃអង្គារនេះ ចំនួនមនុស្សបាត់បង់ជីវិត ក្នុងគ្រោះមហន្តរាយរញ្ជួយដី និងស៊ូណាមិដ៏អាក្រក់ នៅប្រទេសឥណ្ឌូណេស៊ី បានកើនដល់១,២៣៤នាក់ហើយ។ នេះបើតាមការបញ្ជាក់តួលេខផ្លូវការពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៉ី ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨។
គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ (បន្ទាប់មកត្រូវបានបញ្ចុះមកនៅត្រឹម ៧.៥រ៉ិចទ័រ) កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ គឺត្រូវបានចាត់ទុកជាកម្រិតធ្ងន់ធ្ងរបំផុតមួយទៅហើយនៅក្នុងឆ្នាំ២០១៨នេះ នៅប្រទេសឥណ្ឌូណេស៉ី ប៉ុន្តែសម្រាប់លកយក្សស៊ូណាមិដ៏អាក្រក់បែបនេះ គឺមិនធ្លាប់កើតមាននោះឡើយ គិតចាប់តាំងពីរលកយក្សស៊ូណាមិកម្ពស់ ១៥ម៉ែត្រ ដែលបានវាយប្រហារកោះស៊ូម៉ាត្រា ភាគខាងលិចប្រទេសឥណ្ឌូណេស៉ីកាលពីឆ្នាំ២០០៤ ដែលបានសម្លាប់ជីវិតមនុស្សរហូតដល់ជាង ១៦៨,០០០នាក់។ ទន្ទឹមនឹងនេះ ប្រទេសជាមិត្តឥណ្ឌូណេស៉ីមួយចំនួន បានប្រកាសផ្តល់ជំនួយតបតាមការអំពាវនាវរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ីរួចទៅហើយ។
គួរជម្រាបថា គ្រោះរញ្ជួយដីខាងលើ បានបង្កជារលកយក្សកម្ពស់រហូតដល់ ០៦ម៉ែត្រ ដែលបានបោកសង្រ្គប់ទៅលើទីក្រុង Palu ព្រមទាំងកន្លែងមួយចំនួនទៀត នៅលើឆ្នេរភាគខាងលិចនៃខេត្តដីកោះ Sulawesi ភាគកណ្តាលប្រទេសឥណ្ឌូណេស៉ី ហើយខណៈនេះនៅតំបន់រងការប៉ះពាល់ជាច្រើនទៀត ដែលក្រុមអ្នកសង្រ្គោះនៅមិនទាន់អាចទៅដល់ដដែល។ ហេតុដូចនេះនៅតែមានក្តីព្រួយបារម្ភថា ចំនួនមនុស្សស្លាប់អាចនឹងបន្តកើនឡើងខ្ពស់ខ្លាំងជាងនេះ៕