(ម៉ូស្គូ)៖ អ្នកស្រាវជ្រាវជើងចាស់មួយរូប នៅឯវិទ្យាសា្ថនសិក្សាគោលនយោបាយសាកលលោក លោក George Szamuely បានលើកឡើងថា វាដូចជាមិនអាចទៅរួចនោះឡើយថា ប្រទេសរុស្ស៉ី គឺជាការគំរាមកំហែងដ៏ធំមួយសម្រាប់ចក្រភពអង់គ្លេស ដូចទៅនឹងការអះអាងរបស់រដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក Gavin Williamson។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨។
លោក Szamuely បាននិយាយដូច្នេះថា «ជុំវិញការអះអាងថា រុស្ស៉ីគឺជាការគំរាមកំហែងដ៏ធំចំពោះចក្រភពអង់គ្លេស ខ្ញុំយល់ឃើញថា វាពិតជាពិបាកទៅរួចណាស់ ពីព្រោះថាអង់គ្លេសទៅវិញទេ ដែលកំពុងគំរាមដាក់ពង្រាយទ័ពនៅក្បែរព្រំដែនរបស់រុស្ស៉ី ក្នុងប្រទេសអ៊ុយក្រែន និងនៅសមុទ្រខ្មៅ ហើយឥឡូវនេះនៅតំបន់អាក់ទិចនិងបាល់ទិចថែមទៀត។ ផ្ទុយទៅវិញ ខ្ញុំមិនឃើញមានយោធារុស្ស៉ីនៅឯសមុទ្រខាងជើង និងកន្លែងណាមួយនៅចក្រសមុទ្រ English Channel ឡើយ។ ដូច្នេះហើយ វាពិបាកខ្លាំងណាស់ ក្នុងការមើលឃើញថា រុស្ស៉ីកំពុងតែបង្កការគំរាមកំហែចំពោះចក្រភពអង់គ្លេស»។
គួរជម្រាបថា បើតាមអ្នកវិភាគខាងលើ ការអះអាងបែបនេះរបស់អង់គ្លេស អាចនិយាយបានថា ជាការព្យាយាមបង្វែរចំណាប់អារម្មណ៍ ពីភាពបរាជ័យជាក់ស្តែងរបស់ចក្រភពអង់គ្លេស ក្នុងកិច្ចខិតខំចរចាជុំវិញដំណើរការ Brexit ជាមួយសហភាពអឺរ៉ុប និងជាការប្រឹងប្រែងមួយ ដើម្បីរារាំងលទ្ធភាពនៃការចងសម្ព័ន្ធភាពរវាងរុស្ស៉ីនិងអឺរ៉ុប៕