(សាន់ហ្វ្រាន់ស៉ីស្កូ)៖ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Instagram បានសម្រេចតែងតាំងអ្នករចនាជើងចាស់របស់ Facebook គឺលោក អាដាម ម៉ូស្សឺរី (Adam Mosseri) ជានាយកប្រតិបត្តិ (CEO) ថ្មីរបស់ខ្លួន ក្រោយការប្រកាសលាលែងពីតំណែងគួរឲ្យភ្ញាក់ផ្អើលរបស់សហស្ថាបនិក Instagram។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨។
សហស្ថាបិក Instagram គឺលោក ខេវិន ស៊ីស្តម (Kevin Systorm) និង លោក ម៉ៃក៍ គ្រីហ្គឺ (Mike Krieger) ដែលកាលពីសប្តាហ៍មុន បានប្រកាសលាលែងពីតំណែងជា នាយកប្រតិបត្តិ និងនាយកផ្នែកបច្ចេកវិទ្យា (CTO) នោះបានឲ្យដឹងថា លោក Adam Mosseri ដែលជាអ្នករចនាជើងចាស់របស់ Facebook និងជានាយករងផ្នែកផលិតផលរបស់ Instagram បានឡើងកាន់តំណែងជា CEO របស់បណ្តាញសង្គម ដែលល្បីឈ្មោះខាងចែករំលែករូបថតនេះ គិតចាប់ពីថ្ងៃទី០១ ខែតុលានេះតទៅ។
គួរជម្រាបថា លោក Mosseri បានក្លាយជាអ្នករចនានៅក្នុងក្រុមហ៊ុន Facebook កាលពីឆ្នាំ២០០៨ ហើយលោកបានក្លាយជានាយករងផ្នែកផលិតផលនៅ Instagram កាលពីឧសភាកន្លងទៅ។ Instagram ស្ថិតក្រោមការគ្រប់គ្រងរបស់ Facebook៕