(វ៉ាស៊ីនតោន)៖ ការស្ទង់​មតិមួយនៅក្នុងប្រទេស​ចំនួន ២៥ ចេញផ្សាយ​នៅថ្ងៃច័ន្ទសប្ដាហ៍នេះ ដោយ​មជ្ឈមណ្ឌលស្រាវជ្រាវ ភ្យូ (Pew Research Center) បានឱ្យដឹងថា អំណាចរបស់ចិន​បាន និងកំពុងកើនឡើង​កាន់តែខ្លាំង ខណៈការជឿ​ទុកចិត្តជា​សកល​លើប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ មានកម្រិតទាប បើធៀបទៅនឹង​ប្រធានាធិបតីចិន​លោក ស៊ី ជិនពីង។ នេះបើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Washington Post នៅព្រឹកថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨។

យោងតាម Pew Research Center អត្រាគាំទ្រ​ជាសកលរបស់​លោក ដូណាល់ ត្រាំ មានកម្រិតទាប​ដោយអ្នកផ្តល់មតិ ៧០ភាគរយ បាននិយាយថា ពួកគេ​មិនជឿទុកចិត្ត​លើប្រធានាធិបតីអាមេរិក​រូបនេះថា កំពុងដើរលើផ្លូវត្រូវនៅ​ក្នុងកិច្ចការ​ពិភពលោក ខណៈ ២៧ភាគរយ​ប៉ុណ្ណោះ​និយាយថា ពួកគេជឿជាក់លើ​រូបលោក ត្រាំ។ ផ្ទុយពីលោក ត្រាំ ប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង ទទួល​បានការទុកចិត្តពី​សកលលោក ៣៤ភាគរយ ហើយ ៥៦ភាគរយទៀតអះអាង​ថា ពួកគេមិនទុកចិត្តលើប្រធានាធិបតី​ចិនរូបនេះឡើយ។

ទោះជាយ៉ាងក៏ដោយ មនុស្សភាគច្រើន​ដែលត្រូវបាន​សម្ភាសន៍ នៅតែចង់​ឱ្យ​សហរដ្ឋអាមេរិក​ដឹកនាំ​​កិច្ចការពិភពលោក​ដដែល ស្របពេលឥទ្ធិពល​របស់ចិនៅលើពិភពលោក ​កាន់តែរីកសាយធំ​ឡើង។ សម្រាប់​ការស្ទង់មតិ​នេះ​​ គឺត្រូវបានធ្វើឡើង​ចំពោះប្រជាជន ដែលរស់​នៅតាមបណ្តាប្រទេស​នានា​ ជាសម្ព័ន្ធមិត្ត​ជិតស្និទ្ធ​រាប់ទសវត្សរ៍ជាមួយ​សហរដ្ឋអាមេរិក​ដូចជា អាល្លឺម៉ង់ បារាំង អង់គ្លេស កាណាដា ស៊ុយអែដ ហ្វីលីពីន ម៉ិចស៊ីកូ និងអ៊ីស្រាអែល​ជាដើម។

គួរបញ្ជាក់ថា បើតាម Pew Research Center ប្រធានាធិបតី​លោក ដូណាល់ ត្រាំ ទទួលបាន​ការទុកចិត្តពីសកលលោក​ ទាបជាង​មេដឹកនាំពិភពលោកចំនួន ០៤នាក់ នោះគឺអធិការបតីអាល្លឺម៉ង់​លោកស្រី អាន់ជែឡា មឺគែល ប្រធានាធិបតី​បារាំង​លោក អែមម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីរុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន និង​ប្រធានាធិបតីចិន លោក ស៊ី ជិនពីង៕