ខ្យល់ព្យុះត្រូពិក Rosa បោកបក់ប្រទេសម៉ិចស៊ីកូ និងបង្ខំឲ្យមនុស្សរាប់រយនាក់ជម្លៀសខ្លួន!
02-10-2018 10:58
(ម៉ិចស៉ីកូស៉ីធី)៖ ព្យុះត្រូពិកឈ្មោះ រ៉ូសា (Rosa) បានបោកបក់ទៅដល់ប្រទេសម៉ិចស៉ីកូ ដែលជាហេតុបង្ខំឲ្យមនុស្សចំនួន ៧០០គ្រួសារ ជម្លៀសចេញពីរដ្ឋបាចាកាលហ្វរញ៉ា (Baja California) ភាគឦសានប្រទេស ទៅរកទីកន្លែងសុវត្ថិភាព។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨។
បើតាមទីភ្នាក់ងារឧតុនិយមម៉ិចស៉ីកូ ទោះបីជាវាបានថយចុះឥទ្ធិពលពីព្យុះហឺរិខិន មកត្រឹមជាព្យុះត្រូពិចក៏ដោយ ក៏ព្យុះ Rosa នៅតែកំពុងមានកម្លាំងខ្យល់ចន្លោះពី ៦៥គីឡូម៉ែត្រ ទៅ ១២៥គីឡូម៉ែត្រក្នុងមួយម៉ោងដដែល។ អាជ្ញាធរម៉ិចស៉ីកូ បានរំពឹងថា ព្យុះត្រូពិច Rosa អាចនឹងបង្កឲ្យមានគ្រោះទឹកជំនន់ និងការខូចខាតទ្រព្យសម្បត្តិជាដើម។ ជាមួយគ្នានេះ ប៉ូលិស ទាហាន និងក្រុមជួយសង្រ្គោះ សរុបរាប់ពាន់នាក់ក៏ត្រូវបានដាក់ឲ្យប្រុងជើងការខ្ពស់ សម្រាប់ករណីអាសន្នបន្ទាន់នានាផងដែរ។
គួរជម្រាបថា ព្យុះ Rosa ត្រូវគេព្យាករណ៍ថា នឹងបោកបក់ឆ្លងកាត់រដ្ឋ សូណូរ៉ា (Sonora) ភាគពាយ័ព្យម៉ិចស៉ីកូ ហើយឆ្ពោះទៅកាន់រដ្ឋ អារីហ្សូណា (Arizona) ភាគនិរតីសហរដ្ឋអាមេរិក មុនពេលវារសាយបាត់ទៅវិញយ៉ាងយូរនាថ្ងៃពុធ ឬថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕