(សេអ៊ូល)៖ កូរ៉េខាងជើងមិនចង់បានសន្ធិសញ្ញាប្រកាសបញ្ចប់សង្រ្គាមកូរ៉េឡើយ បើសិនជាសហរដ្ឋអាមេរិកមិនចង់បាន ហើយថាការប្រកាសបិទបញ្ចប់សង្រ្គាមកូរ៉េជាផ្លូវការ មិនគួរត្រូវបានគេប្រើប្រាស់ជាលក្ខខណ្ឌ នៅក្នុងកិច្ចចរចាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េនោះឡើយ។ នេះបើតាម KCNA ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ធ្វើការកត់សម្គាល់បែបនេះ ក្នុងបទអត្ថាធិប្បាយជាភាសាអង់គ្លេសមួយនៅថ្ងៃអង្គារនេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋមន្ត្រីកូរ៉េខាងជើង លោក រី យ៉ុងហូ បានបញ្ជាក់ប្រាប់មហាសន្និបាតនៃអង្គការសហប្រជាជាតិថា ទីក្រុង ព្យុងយ៉ាងនឹងមិនរំសាយអាវុធនុយក្លេអ៊ែរ បើសហរដ្ឋអាមេរិកនៅតែប្រកាន់គោលនយោបាយអរិភាព ប្រឆាំងនឹងរបបដឹកនាំលោក គីម ជុងអ៊ុន ដដែលនោះ។
KCNA បានគូសបញ្ជាក់ដូច្នេះថា «បើទោះជាសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានបង្កើតទំនាក់ទំនងថ្មីមួយ ក្រោយជំនួបរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏ដោយ ប៉ុន្តែបើសិនជាសហរដ្ឋអាមេរិក មិនចង់បានសន្ធិសញ្ញាប្រកាសបញ្ចប់សង្រ្គាមកូរ៉េទេនោះ កូរ៉េខាងជើងក៏មិនចង់បានដែរ។ ម្យ៉ាងវិញទៀត ការប្រកាសបិទបញ្ចប់សង្រ្គាមកូរ៉េជាផ្លូវការ ក៏មិនគួរត្រូវបានគេប្រើប្រាស់ជាលក្ខខណ្ឌ នៅក្នុងកិច្ចចរចាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ នោះដែរ»។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះស្ថានភាពនៅលើឧបទ្វីបកូរ៉េ នៅតែស្ថិតនៅក្នុងភាពប្រកាសសង្រ្គាមជានិច្ច ដ្បិតសង្រ្គាមកូរ៉េ (ឆ្នាំ១៩៥០-១៩៥៣) បានបញ្ចប់ទៅដោយបទឈប់បាញ់តែប៉ុណ្ណោះ មិនមែនជាសន្ធិសញ្ញាបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍នោះឡើយ ប៉ុន្តែប្រទេសកូរ៉េទាំងពីរហាក់បង្ហាញការចង់បានដូចគ្នានាប៉ុន្មានទសវត្សរ៍មកនេះ ឲ្យកិច្ចព្រមព្រៀងសន្តិភាពបង្កើតឡើង ដើម្បីឲ្យឧបទ្វីបកូរ៉េអាចដកខ្លួនឆ្ងាយពីមាត់ជ្រោះសង្គ្រាម៕