(ប៉េកាំង)៖ ក្រសួងការពារជាតិចិន នៅថ្ងៃអង្គារនេះបានឱ្យដឹងថាខ្លួនបានបញ្ជូននាវាពិឃាតទៅបណ្ដេញនាវាពិឃាតអាមេរិក មួយគ្រឿងឱ្យចេញឆ្ងាយពីតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨។

ទន្ទឹមគ្នានេះដែរ ទីក្រុងប៉េកាំងថែមទាំងបានថ្កោលទោស និងសម្ដែងការខឹងសម្បារយ៉ាងខ្លាំង ក្រោយនាវាពិឃាតអាមេរិក USS Decatur បានធ្វើដំណើរនៅក្បែរតំបន់ទីប្រជុំកោះជម្លោះក្នុងសមុទ្រចិនខាងត្បួង ជាទីដែលទីក្រុងប៉េកាំងអះអាងថាជាកម្មសិទ្ធិ របស់ខ្លួន។ លើសពីនេះទៅទៀត នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិចិនបានចាត់ទុកថាការធ្វើនាវាចររបស់ នាវាពិឃាតអាមេរិកនៅឯតំបន់ជម្លោះសមុទ្រចិនខាងត្បូង គឺជាការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ចិន។ ចំណែកឯ ក្រសួងការបរទេសចិន ក៏បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយផងដែរ ដោយជម្រុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ សកម្មភាពបង្ករឿងរបៀបនេះតទៅទៀត។

សូមជម្រាបថា បើតាមក្រសួងការពារជាតិចិន នាវាពិឃាតអាមេរិក USS Decatur កាលពីថ្ងៃអាទិត្យកន្លងទៅ បានធ្វើនាវាចរនៅ ក្បែរបរិវេណតំបន់ថ្មប៉ប្រះទឹក Gaven នៃទីប្រជុំកោះ Spratly នៃតំបន់សមុទ្រចិនខាងត្បូង។ ប៉ុន្តែជាការឆ្លើយតប ចិនបានបញ្ជូន នាវាពិឃាត Luyang ទៅបណ្ដេញនាវាពិឃាតអាមេរិក USS Decatur ឱ្យចេញឆ្ងាយពីតំបន់នេះ ខណៈសហរដ្ឋអាមេរិកចាត់ទុក
ថាទង្វើរបស់ចិនគឺជាសកម្មភាពបង្កគ្រោះថ្នាក់ និងគ្មានវិជ្ជាជីវៈ៕