BREAKING NEWS: គ្រោះរញ្ជួយដី២លើកវាយប្រហារជាថ្មីលើប្រទេសឥណ្ឌូណេស៊ីទាំងព្រឹក ក្រោយទើបរងគ្រោះពីរលកយក្ស ស៊ូណាមិដ៏ប្រល័យ
02-10-2018 08:46
(ហ្សាការតា)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក បានឱ្យដឹងថាគ្រោះរញ្ជួយដី០២លើកបានវាយប្រហារលើកោះ Sumba នៃឆ្នេរភាគខាងត្បូងប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨។
យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) គ្រោះរញ្ជួយដីកម្រិត៥.៩រ៉ិចទ័រ បានកើតឡើងនៅចំងាយ៤០គីឡូម៉ែត្រ ពីកោះ Sumba ដែលជាកោះមួយមានប្រជាជន ៧៥០,០០០នាក់រស់នៅ។ បន្ថែមពីលើនេះ ១៥នាទីក្រោយមកទៀតគ្រោះរញ្ជួយដី ៦.០រ៉ិចទ័របានវាយប្រហារលើតំបន់ដដែល ដោយមានជម្រៅរញ្ជួយទៅក្នុងដី៣០គីឡូម៉ែត្រ។ ក៏ប៉ុន្តែភ្លាមៗមិនទាន់មាន
សេចក្ដីរាយការណ៍ពីជនរងគ្រោះ និងការខូចខាតនៅឡើយទេ។
គួរបញ្ជាក់ថា កោះ Sumba មានចំងាយប្រហែល១,៦០០គីឡូម៉ែត្រ ពីភាគខាងត្បូងកោះ Sulawesi ដែលទើបតែរងគ្រោះដោយ សារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលបានផ្ដាច់ជីវិតមនុស្សជាង១២០៣នាក់៕