(អង់ការ៉ា)៖ របបគៀបសង្កត់របស់រដ្ឋាភិបាលតួកគី បានបន្តឥតឈប់ឈរ ទោះបីជាមានការថ្កោលទោសពីសំណាក់សហគមន៍ អន្តរជាតិក៏ដោយ។ ចាប់តាំងពីឆ្នាំ២០១៣មក រដ្ឋាភិបាលទីក្រុងអង់ការ៉ា បានដាក់គោលដៅលើក្រុមប្រឆាំងរដ្ឋាភិបាល ជាពិសេសគឺ ចលនា Hizmet ហើយស្ថានភាពកាន់តែអាក្រក់ទៅៗ បន្ទាប់ពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេចនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។  

ស្ត្រី និងកុមារជាច្រើនត្រូវជាប់គុកដោយគ្មានមូលហេតុ ហើយរដ្ឋាភិបាលផ្ទាល់ក៏មិនមានភាពសណ្ដោសប្រណៃចំពោះពលរដ្ឋខ្លួន នោះដែរ។ អត្ថបទនេះនឹងឆ្លុះបញ្ចាំងអំពីបញ្ហាសិទិ្ធស្ត្រីនាពេលបច្ចុប្បន្ននៅក្នុងប្រទេសតួកគី។ បន្ទាប់ពីបរាជ័យនៃការប៉ុនប៉ងធ្វើរដ្ឋ ប្រហារមិនបានសម្រេច រដ្ឋាភិបាលតួកគីបានចោទប្រកាន់លើពលរដ្ឋមួយចំនួនថាជាសមាជិកក្រុមបះបោរ ថែមទាំងចាប់ឃុំឃាំង ដោយគ្មានភស្តុតាង និងសាលដីកាត្រឹមត្រូវ។

ក្នុងករណីមួយចំនួនស្រ្តីត្រូវបានចាប់ខ្លួន និងធ្វើទារុណកម្មជំនួសសមាជិកគ្រួសារបុរសដូចជា ឪពុកឬប្តីរបស់ពួកគេ។ អាស្រយ័ហេតុ នេះហើយ ស្រ្តីត្រូវបានចាត់ទុកថាជាក្រុមមនុស្សដែលទទួលរងទារុណកម្ម និងការឈឺចាប់ធ្ងន់ជាងគេ។ សភាពក្នុងពន្ធនាគាររឹតតែ ធ្ងន់ធ្ងរទៅទៀត អ្នកទោសជារឿយៗគេងលក់លើកំរាលឥដ្ឋផ្លាស់វេនគ្នា ក្នុងបន្ទប់តូចមួយដែលបញ្ជ្រៀតគ្នាដែលផ្ដល់ការលំបាក យ៉ាងខ្លាំងដល់សុខុមាលភាពស្រ្ដី។

ពន្ធនាគារនៅតួកគីមានចំនួនកំណត់ ហើយមានចំនួនតិចបំផុតដែលត្រូវបានរចនាឡើងសម្រាប់ដាក់អ្នកទោសស្រី។ ដូចនេះហើយ មានន័យថាអ្នកជាប់ឃុំស្រីភាគច្រើនរស់នៅក្នុងគុកបុរស។ យោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់ CEDAW មានការចោទ ប្រកាន់ជាច្រើនអំពីការយាយីផ្លូវភេទនិងអំពើហឹង្សាទារុណកម្ម ព្រមទាំងការប្រព្រឹត្តអំពើពុករលួយនៅក្នុងពន្ធនាគារ។

យ៉ាងណាមិញករណីទាំងនេះ ពុំមានការយកចិត្តទុកដាក់ និងស៊ើបអង្កេតទាល់តែសោះ។ ស្ត្រីនៅក្នុងពន្ធនាគារប្រឈមមុខនឹងការ យាយីកេរ្តិ៍ភេទ ព្រោះតែកាមេរ៉ាសុវត្ថិភាពបំពាក់ក្នុងបន្ទប់រួមទាំងបន្ទប់ទឹកត្រូវបានត្រួតពិនិត្យដោយអ្នកយាមប្រុស។ លើសពីនេះ ទៅទៀត អ្នកជាប់ឃុំជាស្រ្តីមានសិទ្ធិតិចតួចបំផុតក្នុងការប្រើប្រាស់ផលិតផលថែទាំអនាម័យផ្ទាល់ខ្លួនដែលជារឿយៗ ត្រូវបាន គេរឹបអូសក្នុងកំឡុងពេលឆែកឆេរ។

អ្វីដែលគួរឱ្យបារម្ភសម្រាប់អ្នកទោសស្រីមួយចំនួនគឺ ការជាប់ឃុំក្នុងកំឡុងពេលមានផ្ទៃពោះ ឬមិនយូរក្រោយពេលសម្រាល។ មាន ករណីជាច្រើនដែលមន្ត្រីសន្តិសុខរង់ចាំនៅមាត់ទ្វារបន្ទប់មន្ទីរពេទ្យដើម្បីចាប់ខ្លួនស្រ្តីជាម្ដាយ ក្រោយការសម្រាលនៅពេលពួកគេ ទទួលបានដំណឹង។ ស្ថានភាពសុខភាពរបស់អ្នកជំងឺខ្លះមិនត្រូវបានតាមដាន ហើយថែមទាំងដកហូតនូវឱសថចាំបាច់និងអាហារ
បំប៉នទៀតផង។

ម្តាយមិនត្រូវបានអនុញ្ញាតឱ្យបំបៅទារករបស់ពួកគេក្នុងអំឡុងពេលឃុំឃាំងនោះទេ ហើយទារករបស់ពួកគេក៏ត្រូវបានគេបញ្ជូនទៅ
ក្នុងគុករួមជាមួយម្ដាយផងដែរ។ បច្ចុប្បន្ននេះមានកុមារជាង ៧០០នាក់ ដែលមានអាយុក្រោម៦ឆ្នាំ (រួមទាំងទារក) កំពុងរស់នៅក្នុង ពន្ធនាគារ។ អំពើហិង្សាលើស្ត្រីនៅតែជាបញ្ហា បើទោះបីជាមានការប្តេជ្ញាចិត្តពីសំណាក់រដ្ឋាភិបាលតួកគី ក្នុងការបញ្ចប់វាក៏ដោយ។ ដូចដែលរបាយការណ៍របស់ CEDAW បានបង្ហាញថាច្បាប់ព្រហ្មទណ្ឌស្ដីអំពីអំពើហិង្សាក្នុងគ្រួសារ និងស្រ្តីគឺគ្មានប្រសិទ្ធិភាពឡើយ ព្រោះជនល្មើសមិនបានទទួលទោសតាមនីតិវិធីនោះទេ។

ដោយសារតែការការពារមិនគ្រប់គ្រាន់ស្រ្តីជាច្រើន ត្រូវបានគេធ្វើឃាតឬរំលោភបំពានផ្លូវភេទហើយជនល្មើសមិនភ័យខ្លាចចំពោះ
ច្បាប់នោះទេ។ ការអប់រំគឺជាបញ្ហាធ្ងន់ធ្ងរមួយទៀតរបស់ស្ត្រីតួកគី។ អត្រាអក្ខរកម្មរបស់ស្រ្តីទាបណាស់បើប្រៀបធៀបទៅនឹងបុរស។ ដោយសារគ្រួសារភាគច្រើនជាពិសេសនៅភាគខាងកើត និងខាងត្បូងនៃប្រទេស មិនអនុញ្ញាតឱ្យក្មេងស្រីទៅសាលារៀនទេ ប៉ុន្តែ ផ្ទុយទៅវិញចំពោះស្ត្រីដែលមានការអប់រំនៅកម្រិតមហាវិទ្យាល័យតែងជួបប្រទះបញ្ហាចម្បង នោះគឺវិសមភាពយេនឌ័រនៅកន្លែង
ធ្វើការ។

ខាងលើនេះគឺជាអត្ថបទសង្ខេបពីអ្វីដែលស្រ្តីនៅតួកគីកំពុងជួបប្រទះ។ ក្នុងនាមជាមនុស្សជាតិយើងជម្រុញឱ្យគ្រប់បុគ្គលនិងអាជ្ញាធរ ទាំងឡាយមានការយល់ដឹងពីស្ថានការណ៍គួរឱ្យព្រួយបារម្ភចំពោះស្ត្រីនៅប្រទេសតួកគីនិងចាត់វិធានការជាបន្ទាន់៕

ប្រភព៖ របាយការណ៍របស់ CEDAW