(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានឱ្យដឹងថាកូរ៉េខាងត្បូង និងកូរ៉េខាងជើងបានចាប់ផ្ដើមដំណើការ ការងារដកគ្រាប់មីនកប់នៅក្រោមដីមួយចំនួនហើយ នៅតាមតំបន់ព្រំដែនអន្តរកូរ៉េនៃតំបន់គ្មានយោធារវាងប្រទេសទាំងពីរ ក្នុង
គោលបំណងបន្ធូរបន្ថយភាពតានតឹង និងកសាងទំនុកចិត្តលើគ្នាទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ
សារព័ត៌មានយ៉ុនហាប់ នៅថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ទៀតថាទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង ក៏យល់ព្រមផងដែរថានឹងដកគ្រាប់មីនទាំងអស់ នៅឯតំបន់សន្តិសុខរួមនៃព្រំដែនគ្មានយោធាក្នុងភូមិ Panmunjom នៅក្នុងរយៈពេល២០ថ្ងៃ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ពុំទាន់មានការអះអាងផ្លូវការណាមួយពីខាងភាគីកូរ៉េខាងជើង ថាកងទ័ពរបស់ខ្លួនចាប់ផ្ដើមដំណើរការដកគ្រាប់មីននេះ ឬយ៉ាងនោះទេ។
គួរបញ្ជាក់ថា គំរោងដកគ្រាប់មីនកប់នៅក្រោមដីរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ត្រូវបានព្រមព្រៀងគ្នានៅក្នុងជំនួបរវាង លោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន ក្នុងទីក្រុងព្យុងយ៉ាងកាលពីខែកញ្ញា កន្លងទៅ៕