(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទីភ្នាក់ងារគ្រប់គ្រង​គ្រោះមហន្តរាយជាតិ នៃប្រទេស​ឥណ្ឌូណេស៊ី បានឲ្យដឹងថា ​ចំនួនមនុស្សស្លាប់​ដោយសារតែ​គ្រោះ​​រញ្ជួយដី និងរលកយក្សស៊ូណាមិ នៅខេត្ត ស៊ូឡាវ៉េស៊ី (Sulawesi) ភាគកណ្តាលប្រទេសទីបំផុត​បានកើនដល់ ១,២០៣នាក់ហើយ៕

 

២៖ អនុរដ្ឋមន្រ្តី​ការបរទេសអ៉ីរ៉ង់ លោក អាប់បាស់ អារ៉ាកជី (Abbas Araghchi) បានសង្កត់ធ្ងន់ថា ទណ្ឌកម្មអាមេរិកនាពេលថ្មីៗ នេះ ​ប្រឆាំងអ៉ីរ៉ង់នឹង​ប៉ះ​ពាល់​ធ្ងន់ធ្ងរទៅលើតម្លៃប្រេងសកល និងតំបន់មជ្ឈិមបូព៌ាទាំង​មូល៕

 

៣៖ ​តុលាការក្នុងប្រទេស​អាល្លឺម៉ង់ បានសម្រេចបង្គាប់​ឲ្យ​ធ្វើបត្យាប័ន​មន្រ្តីទូត​អ៉ីរ៉ង់ឈ្មោះ អាស្សាដូលឡាហ៍ អាស្សាឌី (Assadollah Assadi) ដើម្បីនាំខ្លួន​ជនរូបនេះទៅ​ឲ្យអាជ្ញាធរប៊ែលហ្សិក ដែលមាន​ជាប់​ក្នុងផែនការ​បំផ្ទុះគ្រាប់បែក​នៅកន្លែងជួប ជុំគ្នា​នៃក្រុមគាំទ្របក្ស​ប្រឆាំងអ៊ីរ៉ង់ ក្នុងប្រទេសបារាំងកាលពីពេលកន្លង​ទៅនេះ៕

 

៤៖ ក្រុមបុរាណ​វិទូអេហ្ស៉ីប​បានប្រទះឃើញ​រូបគំនូរលើចម្លាក់ថ្ម​ ដ៏ចំណាស់ចំនួន ០២ផ្ទាំង នៅខេត្ត អាស្វាន (Aswan) នៅភាគអាគ្នេយ៍​ប្រទេស​៕

 

៥៖ កងកម្លាំង​ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបាញ់​មីស៊ីលជាច្រើនគ្រាប់​​លើមូលដ្ឋាន​របស់ក្រុម​សកម្មប្រយុទ្ធ​នៅក្នុងប្រទេស​ស៊ីរី ដែលទីក្រុងតេហេរ៉ង់បានចោទប្រកាន់ថា ជាអ្នកទទួលខុសត្រូវចំពោះ​ការវាយប្រហារភេរវកម្ម​ នៅក្នុងទីក្រុងអាវ៉ាស (Ahvaz) កាលពីខែកញ្ញា៕

 

៦៖ ព្យុះទីហ្វុងកំណាច ត្រាមី (Trami) ដែលបានចាប់ផ្តើមបោកបក់លើដែនដីជប៉ុន​កាលពីថ្ងៃសៅរ៍សប្តាហ៍មុននោះ បានផ្តាច់ជីវិត​មនុស្ស ០២នាក់ហើយ និងមនុស្សជាង​ ១០០នាក់ទៀត​បានទទួលរងរបួស ខណៈមនុស្សពីរ​នាក់កំពុងបាត់​ខ្លួន៕