(ហ្សាការតា)៖ គ្រោះធម្មជាតិរញ្ជួយផែនដីកម្រិត ៧.៧រ៉ិចទ័រ (បន្ទាប់មកត្រូវបានបញ្ចុះមកនៅត្រឹម ៧.៥រ៉ិចទ័រ) និងរលកយក្សស៊ូណាមិកម្ពស់ ០៣ម៉ែត្រ បានបង្កជាក្តីវិនាសអន្តរាយដល់ប្រជាជនឥណ្ឌូណេស៊ី ដែលរស់នៅក្នុងខេត្តដីកោះ ស៊ូឡាវ៉េស៊ី (Sulawesi) នៃភាគកណ្តាលប្រទេស ខណៈប្រទេសជាមិត្តឥណ្ឌូណេស៊ីមួយចំនួន បានប្រកាសផ្តល់ជំនួយ តបតាមការអំពាវនាវរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ីរួចទៅហើយ។ នេះបើតាមការសរុបព្រឹត្តិការណ៍ព័ត៌មាននៅល្ងាចថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨។
គ្រោះរញ្ជួយដីលើកនេះ គឺត្រូវបានចាត់ទុកជាកម្រិតធ្ងន់ធ្ងរបំផុតមួយទៅហើយ នៅក្នុងឆ្នាំ២០១៨នេះនៅប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែសម្រាប់រលកយក្សស៊ូណាមិដ៏អាក្រក់បែបនេះ គឺមិនធ្លាប់កើតមាននោះឡើយ គិតចាប់តាំងពីរលកយក្សស៊ូណាមិកម្ពស់ ១៥ម៉ែត្រ ដែលបានវាយប្រហារកោះស៊ូម៉ាត្រា ភាគខាងលិចប្រទេសឥណ្ឌូណេស៊ីកាលពីឆ្នាំ២០០៤ ដែលបានសម្លាប់ជីវិតមនុស្សរហូតដល់ជាង ១៦៨,០០០នាក់។
តាមមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី មនុស្សស្លាប់គិតត្រឹមល្ងាចថ្ងៃចន្ទនេះ គឺមានចំនួន ៨៤៤នាក់ (កាលពីរសៀលថ្ងៃចន្ទនេះ ធ្លាប់មានសេចក្តីរាយការណ៍ថា មនុស្សស្លាប់មានរហូតដល់ ១,២០៣នាក់ ប៉ុន្តែត្រូវបានមន្ត្រីឥណ្ឌូណេស៊ីបដិសេធទៅវិញ) ខណៈរាប់រយនាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីជឿជាក់ថា កំពុងតែជាប់នៅក្នុងគំនរអគារ-លំនៅឋានបាក់បែក និងល្បាប់ភក់ដែលបង្កឡើងដោយស៊ូណាមិ មានន័យថាចំនួនមនុស្សស្លាប់ នឹងកើនឡើងបន្ថែមទៀត។
ខាងក្រោមនេះ គឺជាកម្រងវីដេអូ និងរូបភាពដែលបង្ហាញអំពីគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់ ដែលបានកើតឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន និងទុក្ខវេទនាដែលប្រជាជាតិឥណ្ឌូណេស៊ីកំពុងតែជួបប្រទះ៖