(ញូយ៉ក)៖ អនុរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក អាប់បាស់ អារ៉ាកជី (Abbas Araghchi) បានសង្កត់ធ្ងន់ថា ទណ្ឌកម្មអាមេរិកនាពេលថ្មីៗនេះប្រឆាំងអ៉ីរ៉ង់ នឹងប៉ះពាល់ធ្ងន់ធ្ងរទៅលើតម្លៃប្រេងសកល និងតំបន់មជ្ឈិមបូព៌ាទាំងមូល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨។
លោក Araghachi បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមិនមែនជាអ្នកជំនាញអ្វីឡើយលើរឿងនេះ ប៉ុន្តែបើតាមការយល់ឃើញរបស់ខ្ញុំ ជាក់ស្តែងគឺវាបែបនោះមែន ហើយមនុស្សរាល់គ្នាក៏កំពុងទស្សន៍ទាយផងដែរថា ប្រសិនអ៉ីរ៉ង់ ត្រូវខ្ទាតចេញពីទីផ្សារមែននោះ វានឹងមានផលប៉ះពាល់ជាខ្លាំងដល់ទីផ្សារ ដោយរាប់បញ្ចូលទាំងតម្លៃប្រេង»។
មន្រ្តីការទូតជាន់ខ្ពស់អ៉ីរ៉ង់រូបនេះបានបន្តថា «វាច្បាស់ណាស់ថា ប្រទេសទាំងអស់នៅតំបន់ឈូងសមុទ្រពែក សុទ្ធតែចង់លក់ដូរប្រេងរបស់ពួកគេ ហើយពិភពលោកវិញ ក៏ត្រូវការប្រេងក៏ដូចជាប្រភពធនធានដទៃទៀតរបស់តំបន់នេះដែរ។ ដូច្នេះហើយយើងគួរតែធ្វើឲ្យភាគីទាំងអស់ សប្បាយចិត្តនៅក្នុងតំបន់ ហើយពេញចិត្តជាមួយអ្វីដែលបានរៀបចំនៅក្នុងតំបន់ ដើម្បីឲ្យអ្នកផលិតប្រេងទាំងអស់ អាចលក់ប្រេងរបស់ពួកគេ ខណៈប្រជាជនគ្រប់គ្នាអាចរស់នៅដោយរីករាយ។»
លោក Araghachi បានបន្ថែមទៀតថា «ការរៀបចំនានាគួរតែមានលក្ខណៈរួបរួម។ ប្រសិនបើប្រទេសណាមួយត្រូវគេមិនគិតចូល ហើយធ្វើបាបមិនឲ្យលក់ប្រេងដាច់ ដូចទៅនឹងអ្វីដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចង់បាននោះ វានឹងបង្កជាបញ្ហាធំនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូលតែម្តង ហើយវាគឺជាការពិត ពុំមែនជាការតវ៉ាអ្វីឡើយ»។
គួរជម្រាបថា កាលពីខែឧសភាកន្លងទៅនេះ សហរដ្ឋអាមេរិកបានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ JCPOA ក្រោមការអះអាងថា ទីក្រុងតេហេរ៉ង់ បានរំលោភលើកិច្ចព្រមព្រៀងនេះ។ ដូច្នេះហើយ ខណៈដែល JCPOA ផ្តល់ការដកទណ្ឌកម្មរបស់លោកខាងលិច ចេញពីអ៉ីរ៉ង់ដោយសន្សឹមៗ ជាថ្នូរនឹងការបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរបស់អ៉ីរ៉ង់ ការសម្រេចចិត្តដើរចេញរបស់អាមេរិក បានវិលត្រឡប់ទៅរកការដាក់ទណ្ឌកម្មឡើងវិញ ខណៈកញ្ចប់ទណ្ឌកម្មជុំដំបូង ត្រូវបានដាក់ចេញកាលពីខែសីហា ហើយជុំទីពីរ ដែលមានគោលដៅទៅលើប្រេងព្រមទាំងវិស័យធនាគាររបស់អ៉ីរ៉ង់ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៤ ខែវិច្ឆិកាខាងមុខ៕