(ប៊ែរឡាំង)៖ តុលាការក្នុងប្រទេសអាល្លឺម៉ង់ បានសម្រេចបង្គាប់ឲ្យធ្វើបត្យាប័នមន្រ្តីទូតអ៉ីរ៉ង់ឈ្មោះ អាស្សាដូលឡាហ៍ អាស្សាឌី (Assadollah Assadi) ដើម្បីនាំខ្លួនជនរូបនេះទៅឲ្យអាជ្ញាធរប៊ែលហ្សិក ដែលមានជាប់ក្នុងផែនការបំផ្ទុះគ្រាប់បែក នៅកន្លែងជួបជុំគ្នានៃក្រុមគាំទ្របក្សប្រឆាំងអ៊ីរ៉ង់ ក្នុងប្រទេសបារាំងកាលពីពេលកន្លងទៅនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨។
លោក Assadi ត្រូវបានគេឃុំខ្លួនកាលពីកក្កដាកន្លងទៅ នៅជាយក្រុង អាស្កាហ្វិនប៊ឺក (Aschaffenburg) នៃប្រទេសអាល្លឹម៉ង់ នៅក្រោមដីការបស់អឺរ៉ុប ខណៈមនុស្សមួយចំនួនជាជនជាតិអ៉ីរ៉ង់ ត្រូវបានចាប់ខ្លួននៅប្រទេសបែលហ្ស៉ិក ហើយអាជ្ញាធរបានរាយការណ៍ អំពីការរកឃើញគ្រឿងផ្ទុះដ៏មានឥទ្ធិពលនៅក្នុងរថយន្តរបស់ពួកគេ។
គួរជម្រាបថា លោក Assadi បានរងការចោទប្រកាន់ពីអាជ្ញាធរបែលហ្ស៉ិកថា មានជាប់ពាក់ព័ន្ធនឹងគម្រោងការខ្មៅងងឹត ដែលគេអះអាងថា មានគោលដៅបំផ្ទុះគ្រាប់បែកកន្លែងជួបជុំប្រចាំឆ្នាំដ៏ធំមួយ របស់ក្រុមប្រឆាំងអ៊ីរ៉ង់ មូហ្សាហ៊ីឌីណ ខាល (Mujahedeen-e-Khalq) ហៅកាត់ថា MEK នៅឯប្រទេសបារាំង៕