(គែរ)៖ ក្រុមបុរាណវិទូអេហ្ស៉ីបបានប្រទះឃើញរូបគំនូរលើចម្លាក់ថ្ម ដ៏ចំណាស់ចំនួន ០២ផ្ទាំង នៅខេត្ត អាស្វាន (Aswan) នៅភាគអាគ្នេយ៍ប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨។
របកគំហើញខាងលើត្រូវបានធ្វើឡើង ដោយក្រុមបេសកកម្មរបស់អ្នកបុរាណវិទ្យា នៅឯប្រាសាទ ខុមអុំបូ (Kom Ombo) ក្នុងខេត្ត Aswan។ យោងតាមការឲ្យដឹងពីប្រធានក្រុមប្រឹក្សាកំពូល ទទួលបន្ទុកលើវត្ថុបុរាណនៃប្រទេសអេហ្ស៉ីប ផ្ទាំងគំនូរទីមួយ គឺជារបស់ព្រះចៅ សេទី (Seti) ទីមួយនៃរជ្ជកាលទី ១៩ (19th Dynasty) ដែលបានគ្រប់គ្រងអេហ្ស៉ីបចាប់ពីឆ្នាំ១២៩០ រហូតដល់ឆ្នាំ១២៧៩ មុនគ្រិស្តសករាជ រីឯរូបមួយផ្ទាំងមួយទៀតជារបស់ព្រះចៅ ផាតូឡេមី ទីបួន (Ptolemy 4th) ដែលបានគ្រប់គ្រងអេហ្ស៉ីបពីឆ្នាំ២២១ រហូតដល់ឆ្នាំ២០៤ មុនគ្រិស្តសករាជ។
គួរជម្រាបថា ផ្ទាំងគំនូរទីមួយមានបណ្តោយប្រវែង ២.៣ម៉ែត្រ និងទទឹង ០១ម៉ែត្រ ខណៈមួយទៀតមានបណ្តោយ ៣.២៥ម៉ែត្រ និងទទឹង ១.១៥ម៉ែត្រ ហើយទាំងពីរផ្ទាំងមានកម្រាស់ ៣០សង់ទីម៉ែត្រ។ ផ្ទាំងគំនូរទីមួយបង្ហាញឲ្យឃើញ ព្រះចៅ Seti ទី១ កំពុងឈរនៅមុខអាទិទេពអេហ្ស៉ីបឈ្មោះ ហរ៉ូស (Horus) និង សូបេក (Sobek) ដោយមានព្រះអាទិត្យនៅពីខាងលើ ដែលតំណាងឲ្យការថែរក្សាការពារ។ សម្រាប់គំនូរទី ២ វាស្តែងឲ្យឃើញពីព្រះចៅ Ptolemy ទីបួន និងព្រះមហេសី ព្រមទាំងអាទិទេពរបស់អេហ្ស៉ីប៕