(តេហេរ៉ង់)៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបាញ់មីស៊ីលជាច្រើនគ្រាប់លើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសស៊ីរី ដែលទីក្រុងតេហេរ៉ង់បានចោទប្រកាន់ថា ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្ម នៅក្នុងទីក្រុងអាវ៉ាស (Ahvaz) កាលពីខែកញ្ញា។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃចន្ទនេះ កងកម្លាំងឆ្មំាបដិវត្តន៍អ៊ីរ៉ង់បានបញ្ជាក់ទៀតថា ក្រុមសកម្មប្រយុទ្ធត្រូវបានសម្លាប់ នៅក្នុងវាយប្រហារដោយគ្រាប់មីស៊ីលនៅតំបន់ អាល់ប៊ូ កាម៉ាល់ (Albu Kamal) ស្ថិតនៅភាគខាងកើតប្រទេសស៊ីរី។ បន្ថែមពីលើនេះសេចក្ដីថ្លែងការណ៍ដដែលក៏បានឱ្យដឹងដែរថា មីស៊ីល០៦គ្រាប់ត្រូវបានបាញ់ចេញពីភាគខាងលិចទឹកដីអ៊ីរ៉ង់ តម្រង់ទៅកាន់គោលដៅក្នុងប្រទេសស៊ីរី។
ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា នៅលើគ្រាប់មីស៊ីលមួយក្នុងចំណោមមីស៊ីលទាំងនេះ កងកម្លាំងអ៊ីរ៉ង់បានសរសេរពាក្យស្លោកមួយឃ្លា ផ្ញើទៅកាន់សហរដ្ឋអាមេរិកដែលមានន័យយ៉ាងដូច្នេះថា «ស្លាប់ទៅសហរដ្ឋអាមេរិក ស្លាប់ទៅគ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីត និងស្លាប់ទៅអ៊ីស្រាអែល»។
គួររំលឹកថា កាលពីថ្ងៃទី២២ ខែកញ្ញាកន្លងទៅមនុស្ស ២៥នាក់ ដែលក្នុងនោះ ១២នាក់ ជាសមាជិកកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារ លើក្បួនព្យុហយាត្រាយោធាមួយក្នុងទីក្រុង Ahvaz ដើម្បីរំលឹកដល់ខួបនៃការចាប់ផ្ដើមសង្រ្គាម អារ៉ាក់-អ៊ីរ៉ង់(១៩៨០-១៩៨៨)។
ភ្លាមៗនោះដែរ ក្រុម ISIS និងក្រុមចលនាតស៊ូឈ្មោះថា The Ahvaz National Resistance បានចេញមុខទទួលខុសត្រូវ ខណៈអ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិក អ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម គឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដែលនឹងត្រូវទទួលការសងសឹកយ៉ាងសាកសមពីអ៊ីរ៉ង់៕