(ហ្សាការតា)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ នៃប្រទេសឥណ្ឌូណេស៊ី បានឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារតែគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅខេត្ត ស៊ូឡាវ៉េស៊ី (Sulawesi) ភាគកណ្តាលប្រទេសទីបំផុតបានកើនដល់ ១,២០៣នាក់ហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨។
ថ្ងៃចន្ទនេះដែររដ្ឋាភិបាលឥណ្ឌូណេស៊ី បានអំពាវនាវសុំការជួយពីអន្តរជាតិក្រោយពីប្រទេសអាស៊ានមួយនេះ បានទទួលរងការវាយប្រហារយ៉ាងដំណំដោយគ្រោះធម្មជាតិខាងលើ។ ប្រធានផ្នែកវិនិយោគនៃរដ្ឋាភិបាលឥណ្ឌូណេស៊ី លោក ថម ឡេមបុង (Tom Lembong) បានឲ្យដឹងថា ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានចុះទៅកាន់តំបន់រងគ្រោះដោយផ្ទាល់ កាលពីម្សិលមិញបានអនុញ្ញាតឲ្យបើកទ្វារទទួលជំនួយពីអន្តរជាតិ សម្រាប់ការឆ្លើយតបជាចាំបាច់ចំពោះគ្រោះមហន្តរាយ។
បន្ថែមពីនេះទីភ្នាក់ងារ និងអង្គការក្រៅរដ្ឋាភិបាល (NGOs) នានា ព្រមទាំងរដ្ឋាភិបាលបរទេសរួមមាន អូស្រ្តាលី ថៃ នូវែលសេឡង់ និងតួកគី ជាដើមនោះ បានតម្រង់ជួរគ្នាដើម្បីត្រៀមផ្តល់ជំនួយ ខណៈដែលរដ្ឋាភិបាលឥណ្ឌូណេស៊ី កំពុងជួបការលំបាកក្នុងការកំណត់ទំហំទាំងស្រុងនៃការបំផ្លិចបំផ្លាញ ដោយសារគ្រោះធម្មជាតិដ៏អាក្រក់នេះនៅឡើយ។
គួរជម្រាបថា អាជ្ញាធរឥណ្ឌូណេស៊ីកំពុងខ្នះខ្នែងនាំយកស្បៀងអាហារ និងបរិក្ខាចាំបាច់ផ្សេងៗទៅកាន់កោះ Sulawei នាថ្ងៃចន្ទនេះ ស្របពេលដែលចំនួនមនុស្សបាត់បង់ជីវិត ច្បាស់ណាស់ថា នឹងបន្តកើនឡើងថែមទៀត នារយៈពេល ០៣ថ្ងៃ ក្រោយការវាយប្រហារពីរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ (ក្រោយមកត្រូវបានទម្លាក់មក ៧.៥រ៉ិចទ័រ) និងរលកយក្សស៊ូណាមិ ដែលបង្កឡើងដោយគ្រោះរញ្ជួយដីនេះ៕