(តូក្យូ)៖ លោក ឌែននី តាម៉ាគិ (Denny Tamaki) ដែលជាអតីតសមាជិកសភាបក្សប្រឆាំង និងមានជំហរជំទាស់យ៉ាងដាច់អហង្ការ ចំពោះគម្រោងរបស់រដ្ឋាភិបាល ជុំវិញការផ្លាស់ប្តូរទីតាំងនៃមូលដ្ឋានទ័ពអាកាស ហ្វូទិនម៉ា (Futenma) របស់កងម៉ារីនអាមេរិក នៅក្នុងខេត្តអូគីណាវ៉ា (Okinawa) នោះបានទទួលជ័យជម្នះហើយ ក្នុងការបោះឆ្នោតជ្រើសរើសអភិបាលខេត្តថ្មី កាលពីថ្ងៃថ្ងៃអាទិត្យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨។
ហេតុដូចនេះជ័យជម្នះរបស់លោក Tamaki ដែលនឹងតម្រូវឲ្យលោក ឡើងកាន់តំណែងជាអភិបាលខេត្ត Okinawa បន្តពីលោក តាគែស៊ូ អូណាហ្គា (Takeshi Onaga) នឹងបង្កជាបញ្ហាកាន់តែឈឺក្បាលខ្លាំងថែមទៀត សម្រាប់រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក ស៉ីនហ្សូ អាបេ ដែលមានគោលដៅចង់ផ្លាស់ប្តូរទីតាំងមូលដ្ឋានយោធាខាងលើចេញពីក្រុង ជីណូវ៉ាន (Ginowan) ដែលប្រជាជនរស់នៅច្រើនទៅកាន់សង្កាត់ ហេណូកុ (Henoko) ក្នុងក្រុង ណាហ្គោ (Nago) លើកោះ Okinawa ដដែល ប៉ុន្តែទីនោះពុំសូវមានប្រជាជនរស់នៅឡើយ។
គួរជម្រាបថា លោក Tamaki មានវ័យ ៥៨ឆ្នាំ បានទទួលជ័យជម្នះក្នុងសំឡេងឆ្នោតគាំទ្រ៣៩៦,៦៣២សំឡេង លើអតីតអភិបាលក្រុង Ginowan គឺលោក អាត់ស៊ូស៊ិ សាគីម៉ា (Atsushi Sakima) មានវ័យ ៥៤ឆ្នាំ ដែលទទួលបានសំឡេងត្រឹម៣១៦,៤៥៨សំឡេង ក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យម្សិលមិញ៕