(ប៉ារីស)៖ រូបថតប៉ុន្មានសន្លឹកដែលប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង ថតជាមួយយុវជនពីរនាក់ កំពុងបង្កជាភាពចម្រូងចម្រាស និងការខឹងសម្បារយ៉ាងខ្លាំង នៅក្នុងចំណោមអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមនានា នៅក្នុងប្រទេសបារាំង។ នេះបើតាមចេញផ្សាយដោយសារព័ត៌មាន Russian Today (RT) នៅព្រឹកថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨។
រូបថតរបស់លោក ម៉ាក្រុង ថតជាមួយយុវជនពីរនាក់ ដែលក្នុងនោះមានម្នាក់បានលើកម្រាមដៃកណ្ដាល (កាយវិការដ៏ឈ្លើយរបស់ជនជាតិលោកខាងលិច) ត្រូវបានថតកាលពីថ្ងៃទី២៩ ខែកញ្ញាកន្លងទៅ នៅអំឡុងពេលប្រធានាធិបតីបារាំងរូបនេះ បំពេញដំណើរទស្សនកិច្ចទៅកាន់កោះ សាំងម៉ាតាំង (Saint-Martin) ដើម្បីសួរសុខ ទុក្ខប្រជាជនរងគ្រោះដោយសារព្យុះ ហ៊ឺរីខិន អឺម៉ា (hurricane Irma) កាលពីឆ្នាំមុន។ លើសពីនេះទៅទៀត យុវជនម្នាក់ក្នុងចំណោមយុវជនទាំងពីរនាក់ខាងលើ ថែមទាំងប្រាប់លោក ម៉ាក្រុង ទៀតថា រូបគេគឺជាចោរម្នាក់ និងទើបតែចេញពីគុកនាពេលថ្មីៗនេះ រីឯលោក ម៉ាក្រុង បានឆ្លើយតបថារូបគេគួរតែបំភ្លេចអតីតកាល ហើយយល់ព្រមរួមរស់ជាមួយសង្គមវិញ។
ក៏ប៉ុន្តែភាពចម្រូចម្រាស និងការខឹងសម្បារបានផ្ទុះឡើងភ្លាមៗ នៅពេលដែលរូបថតរបស់លោក ម៉ាក្រុង ជាមួយយុវជនទាំងពីរត្រូវបាន គេបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម រហូតដល់ធ្វើឱ្យអ្នកខ្លះចាត់ទុកថា នេះគឺជារឿងជាគួរឱ្យសោកស្ដាយ ខណៈមេដឹកនាំ បក្សប្រឆាំងលោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) បានយករូបនេះទៅបង្ហោះបន្ត និងសរសេរលើ Twitter យ៉ាងដូច្នេះថា «យើង មិនអាចរកពាក្យអ្វីមករ៉ាយរ៉ាប់ពីការខឹងសម្បាររបស់យើងនោះទេ... តែជាការពិតណាស់បារាំងមិនសមជួបរឿងបែបនេះសោះ។ វាគឺជារឿងមិនអាចអត់ឱនឱ្យបាន....»។
ទោះបីជាយ៉ាងណាក៏ដោយ ជាការឆ្លើយតបលោក អែមម៉ានុយអែល ម៉ាក្រុង បានចេញមុខការពារសកម្មភាពរបស់លោក ជាមួយការអះអាងយ៉ាងច្បាស់លាស់ថា គោលបំណងរបស់លោកក្នុងដំណើរទស្សនកិច្ចនោះ គឺជួយដល់យុវជនទាំងអស់ដែលកំពុងរស់នៅលើ Saint-Martin តែប៉ុណ្ណោះ៕