(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល (Angela Merkel) បានព្រមានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថាគំនិតគាំពារនិយមរបស់លោកកំពុងបំផ្លាញអង្គការសហប្រជាជាតិ ហើយថាវាអាចនឹងបង្កគ្រោះថ្នាក់ដល់ពិភពលោកទាំងមូល។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨។
លោកស្រី មឺគែល ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់តំបន់មួយរៀបចំឡើងនៅក្នុងរដ្ឋ បាវ៉ារៀ (Bavari) កាលពីថ្ងៃអាទិត្យ។ ថ្លែងនាឱកាសនោះ លោកស្រី មឺគែល បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា ការបំផ្លាញអ្វីមួយដោយមិនមានការអភិវឌ្ឍអ្វីថ្មីមួយមកជំនួស គឺជារឿងដ៏គ្រោះថ្នាក់បំផុត ហើយខ្ញុំជឿថា គំនិតពហុភាគីនិយម គឺជាដំណោះស្រាយគ្រប់បញ្ហាទាំងអស់របស់ពិភពលោក»។
គួរជម្រាបថា បើតាមលោកស្រី អាន់ជែឡា មឺគែល លោក ដូណាល់ ត្រាំ បានបរាជ័យក្នុងការស្វែងរកដំណោះស្រាយឈ្នះៗ ពោលគឺលោកចង់ឈ្នះតែម្នាក់នៅក្នុងកិច្ចចរចាអន្តរជាតិ តាមរយៈការប្រឆាំងនឹងគំនិតសកលភាវូបនីយកម្ម និងគាំទ្រគំនិតស្នេហាជាតិ៕