(ហ្សាការតា)៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីនាថ្ងៃចន្ទនេះ បានអំពាវនាវសុំការជួយពីអន្តរជាតិ ក្រោយពីប្រទេសអាស៊ានមួយនេះ បានទទួលរងការវាយប្រហារយ៉ាងដំណំ ដោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិនៅកោះ ស៊ូឡាវ៉េស៊ី (Sulawesi) ដែលបានផ្តាច់ជីវិតមនុស្ស គិតមកទល់ពេលនេះបានកើនឡើងដល់ ៨៣២នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅព្រឹកថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨។
ប្រធានផ្នែកវិនិយោគនៃរដ្ឋាភិបាលឥណ្ឌូណេស៊ី លោក ថម ឡេមបុង (Tom Lembong) បានឲ្យដឹងថា ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានចុះទៅកាន់តំបន់រងគ្រោះដោយផ្ទាល់កាលពីម្សិលមិញ បានអនុញ្ញាតឲ្យបើកទ្វារទទួលជំនួយពីអន្តរជាតិ សម្រាប់ការឆ្លើយតបជាចាំបាច់ចំពោះគ្រោះមហន្តរាយ។
បន្ថែមពីនេះទីភ្នាក់ងារ និងអង្គការក្រៅរដ្ឋាភិបាល (NGOs) នានា ព្រមទាំងរដ្ឋាភិបាលបរទេសរួមមាន អូស្រ្តាលី ថៃ នូវែលសេឡង់ និងតួកគី ជាដើមនោះ បានតម្រង់ជួរគ្នាដើម្បីត្រៀមផ្តល់ជំនួយ ខណៈដែលរដ្ឋាភិបាលឥណ្ឌូណេស៊ី កំពុងជួបការលំបាកក្នុងការកំណត់ទំហំទាំងស្រុងនៃការបំផ្លិចបំផ្លាញ ដោយសារគ្រោះធម្មជាតិដ៏អាក្រក់នេះនៅឡើយ។
គួរជម្រាបថា អាជ្ញាធរឥណ្ឌូណេស៊ីកំពុងខ្នះខ្នែងនាំយកស្បៀងអាហារ និងបរិក្ខាចាំបាច់ផ្សេងៗទៅកាន់កោះ Sulawei នាថ្ងៃចន្ទនេះ ស្របពេលដែលចំនួនមនុស្សបាត់បង់ជីវិត ច្បាស់ណាស់ថា នឹងបន្តកើនឡើងថែមទៀត នារយៈពេល ០៣ថ្ងៃ ក្រោយការវាយប្រហារពីរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ (ក្រោយមកត្រូវបានទម្លាក់មក ៧.៥រ៉ិចទ័រ) និងរលកយក្សស៊ូណាមិ ដែលបង្កឡើងដោយគ្រោះរញ្ជួយដីនេះ៕