រុស្ស៊ីកំពុងអភិវឌ្ឍន៍ប្រព័ន្ធកាំភ្លើងធំថ្មី ដើម្បីដាក់ពង្រាយនៅតាមតំបន់យុទ្ធសាស្ត្រសំខាន់ៗ (Photo inside)
01-10-2018 10:11
(ម៉ូស្គូ)៖ មេបញ្ជាការកងទ័ពជើងគោករុស្ស៊ី លោក អូឡេក សាលយូកូវ (Oleg Salyukov) បានឱ្យដឹងថា ប្រព័ន្ធកំាភ្លើងធំទំនើបចុងក្រោយបំផុត Nabrosok កំពុងស្ថិតនៅក្រោមការអភិវឌ្ឍ ហើយវានឹងត្រូវបានដាក់ឱ្យប្រើប្រាស់ សម្រាប់កងកម្លាំងមីស៊ីល និងកាំភ្លើងធំរុស្ស៊ី ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨។
លោក Oleg Salyukov បានបញ្ជាក់ឱ្យដឹងបែបនេះ នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរថា តើកងទ័ពជើងគោករុស្ស៊ី នឹងទទួលបានអាវុធថ្មីៗក្នុងពេលឆាប់ៗនេះដែរ ឬទេ? ថ្លែងនាឱកាសនោះ មេបញ្ជាការកងទ័ពជើងគោករូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រព័ន្ធកំាភ្លើងធំទំនើបចុងក្រោយបំផុតឈ្មោះ ណាប្រូសុខ (Nabrosok) កំពុងស្ថិតនៅក្រោមការអភិវឌ្ឍ ហើយវានឹងត្រូវដាក់ឱ្យប្រើប្រាស់សម្រាប់កងកម្លាំងមីស៊ីល និងកាំភ្លើងធំរុស្ស៊ី រួមទាំងអង្គភាពនៅក្នុងតំបន់អាក់ទិកទៀតផង»។
លោក Salyukov បានបន្ថែមទៀតថា ក្រៅតែពីប្រព័ន្ធកាំភ្លើងធំ Nabrosok កងទ័ពជើងគោករុស្ស៊ីក៏នឹងទទួលបានផងដែរនូវ រថក្រោះធុន Koalitsiya-SV, Armata Kurganets-25 និងរថពាសដែក Bumerang នៅក្នុងពេលឆាប់ៗនេះ៕