(ម៉ូស្គូ)៖ ការប៉ុនប៉ងប្រើប្រាស់កងនាវាអាមេរិក ដើម្បីបិទខ្ទប់ការធ្វើពាណិជ្ជកម្មរបស់រុស្ស៊ី គឺមានន័យស្មើនឹងការប្រកាសសង្រ្គាម ហើយ ទីក្រុងម៉ូស្គូនឹងចាត់វិធានការឆ្លើយតប ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ នេះគឺជាការព្រមានពីសមាជិកព្រឹទ្ធសភាជាន់ខ្ពស់ រុស្ស៊ីលោក អឡេកសី ភូសកូវ (Aleksey Pushkov) ដកស្រង់ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់លោក Aleksey Pushkov ធ្វើឡើងជាការឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍មួយដែលថា រដ្ឋមន្ត្រីមហាផ្ទៃអាមេរិក (US Internal Secretary) លោក រីយ៉ាន ហ្ស៊ីងកេ (Ryan Zinke) បានអះអាងថា សហរដ្ឋអាមេរិកអាចនឹងប្រើប្រាស់កងនាវាអាមេរិក ដើម្បីបិទខ្ទប់ការធ្វើពាណិជ្ជកម្មថាមពលរុស្ស៊ី នៅក្នុងតំបន់មជ្ឈិមបូព៌ា។
ថ្លែងនៅចំពោះមុខគណៈកម្មាធិការព័ត៌មានព្រឹទ្ធសភា កាលពីថ្ងៃអាទិត្យលោក Pushkov បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការប៉ុនប៉ងប្រើប្រាស់កងនាវាចម្បាំងអាមេរិក ដើម្បីបិទខ្ទប់ ការធ្វើពាណិជ្ជកម្មរបស់រុស្ស៊ី គឺមានន័យស្មើនឹងការប្រកាសសង្រ្គាមក្រោមច្បាប់អន្តរជាតិ... ប៉ុន្តែបើសិនជាគំនិតនេះ ត្រូវបានអនុវត្តន៍ពិតប្រាកមែននោះ ទីម៉ូស្គូនឹងចាត់វិធានការឆ្លើយតប ដើម្បីការពារផលប្រយោជន៍របស់ខ្លួន»។
គួរជម្រាបថា បើតាមលោក Aleksey Pushkov ព័ត៌មានដែលថា រុស្ស៊ីមានផែនការផ្គត់ផ្គង់ថាមពលទៅកាន់តំបន់មជ្ឈិមបូព៌ា គឺជារឿងមិនពិត ពីព្រោះតំបន់មជ្ឈិមបូព៌ាគឺជាអ្នកផលិត និងនាំចេញប្រេងធំបំផុត ហើយមិនចាំបាច់ត្រូវនាំចូលថាមពល ឬប្រេងពីបណ្ដាប្រទេសដទៃនោះឡើយ៕