(ម៉ាល់ឌីវ)៖ តុលាការរបស់ប្រទេសម៉ាល់ឌីវ នៅថ្ងៃអាទិត្យនេះ បានផ្តល់ការលើកលែងទោសដល់លោកអតីតប្រធានាធិបតី Maumoon Abdul Gayoom ដែលជាអ្នកដឹកនាំប្រទេសបានយូរជាងគេបំផុតរបស់ម៉ាល់ឌីវ, ការដោះលែងនេះ បានធ្វើឡើងក្រោយមួយសប្តាហ៍ បន្ទាប់ពីបងប្អូនប្រុសម្តាយតែមួយឪពុកផ្សេងគ្នារបស់លោក ដែលមានទំនាស់ជាមួយគ្នា គឺលោក Abdulla Yameen បានចាញ់ការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី, នេះបើយោងតាមសារព័ត៌មាន Economic Times ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី៣០ ខែកញ្ញានេះ។
លោក Gayoom វ័យ៨០ឆ្នាំ និងកូនប្រុសរបស់លោក ឈ្មោះ Faris Maumoon ដែលជាសមាជិកសភា ត្រូវបានដោះលែងដោយតុលាការកំពូល បន្ទាប់ពីពួកគេបានដាក់ពាក្យបណ្តឹងសារទុក្ខ ប្រឆាំងនឹងការផ្តន្ទាទោស ដ៏ចម្រូងចម្រាសរបស់ពួកគេ។
លោកប្រធានាធិបតីទើបជាប់ឆ្នោត Ibrahim Mohamed Solih បានជំរុញឲ្យលោកប្រធានាធិបតីដែលកំពុងកាន់តំណែង Abdulla Yameen ដោះលែងអ្នកទោសនយោបាយទាំងអស់នៅក្នុងប្រទេស បន្ទាប់ពីលោកបានទទួលជោគជ័យយ៉ាងខ្លាំង ក្នុងការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកញ្ញាកន្លងទៅ ជាមួយនឹងការគាំទ្រពីគ្រប់បក្សប្រឆាំងទាំងអស់ ក្នុងនោះរួមទាំងបក្សនយោបាយ របស់លោក Gayoom ផងដែរ។
សូមជម្រាបថា លោក Gayoom និងកូនប្រុសរបស់លោក ត្រូវបានប៉ូលិសម៉ាល់ឌីវ ចាប់ខ្លួនកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ក្រោយប៉ុន្មានម៉ោង បន្ទាប់ពីលោកប្រធានាធិបតី កំពុងកាន់តំណែង Abdulla Yameen បានប្រកាសដាក់រដ្ឋស្ថិតក្នុងភាពអាសន្ន រយៈពេល១៥ថ្ងៃ ក្នុងពេលដែលប្រទេស មានការកើនឡើង នៃជម្លោះផ្លូវច្បាប់ ជាមួយនឹងតុលាការកំពូលរបស់ប្រទេស៕