(ហ្សាការតា)៖ ចំនួនមនុស្សបាត់បង់ជីវិត ដោយសារតែការវាយប្រហារដោយគ្រោះរញ្ជួយដីដ៏មានឥទ្ធិពល បូករួមជាមួយរលកយក្សនៅលើកោះ Sulawesi នៃប្រទេសឥណ្ឌូណេស៊ី បានកើនដល់៨៣២នាក់ហើយ ខណៈក្រុមជួយសង្រ្គោះ កំពុងខ្នះខ្នែងជាទីបំផុត ដើម្បីតាមស្វែងរកជនដែលអាចនៅរស់រានមានជីវិត ព្រមទាំងសាកសពអ្នកដែលស្លាប់ នៅតាមតំបន់នានា ដែលរងការវាយប្រហារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨។
រយៈពេលពីរថ្ងៃបានកន្លងផុតទៅ ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៥រ៉ិចទ័រ (ពីដំបូង៧.៧រ៉ិចទ័រ) បានវាយប្រហារលើកោះ Sulawei និងបង្កជារលកយក្សយ៉ាងកក្រើកនោះ ចំនួនមនុស្សស្លាប់នៅតែបន្តកើនឡើងយ៉ាងគំហុក ហើយសាកសពជាច្រើនទៀត ត្រូវអាជ្ញាធររំពឹងថានឹងរកឃើញជាបន្តបន្ទាប់ ខណៈតួលេខនេះ ត្រូវអនុប្រធានាធិបតីឥណ្ឌូណេស៊ី បង្ហើបឲ្យដឹងថា អាចឈានដល់ខ្ទង់រាប់ពាន់នាក់ថែមទៀតផង។
បើតាមអ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី ប្រជាជនប្រមាណ២.៤លាននាក់ ត្រូវគេប៉ាន់ស្មានថា បានទទួលរងផលប៉ះពាល់ដោយសារតែគ្រោះធម្មជាតិដ៏អាក្រក់នេះ។ ទន្ទឹមនឹងនេះ មនុស្សរាប់រយនាក់ទៀត បានរងរបួស និងយ៉ាងតិចប្រហែល១៧,០០០នាក់ បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ។ ជាមួយគ្នានេះដែរ ទំហំទាំងស្រុងនៃការបំផ្លិចបំផ្លាញ ដោយសារគ្រោះរញ្ជួយដីនេះ នៅមិនទាន់អាចកំណត់ច្បាស់លាស់នៅឡើយទេ ខណៈប្រព័ន្ធអគ្គិសនី និងទំនាក់ទំនងត្រូវបានកាត់ផ្តាច់ ហើយផ្លូវថ្នល់ក៏ត្រូវខូចខាតទៀតនោះ ជាហេតុបង្កផលលំបាកខ្លាំងក្នុងការវាយតម្លៃទៅលើទំហំខូចខាត។
គួរជម្រាបថា កាលពីថ្ងៃសុក្រកន្លងទៅ រលកយក្សស៊ូណាមិ បានបោកសង្រ្គប់ទៅលើទីក្រុង Palu និងតំបន់ក្បែរខាងដទៃទៀត នៃកោះ Sulaweisi ពីព្រោះវាត្រូវបានមើលរលងដោយទីភ្នាក់ងារជំនាញរបស់ឥណ្ឌូណេស៊ី ដែលបានសម្រេចដកការព្រមានពីរលកយក្សវិញ ត្រឹមពេល៣៤នាទីប៉ុណ្ណោះ ក្រោយមានការវាយប្រហារពីរញ្ជួយដីកម្រិត៧.៥រ៉ិចទ័រ៕