(ម៉ាសេដូន)៖ ប្រជាជនម៉ាសេដូន នាថ្ងៃអាទិត្យនេះបាននាំគ្នាទៅបោះឆ្នោតដើម្បី សម្រេចជោគវាសនាថា តើឈ្មោះនៃប្រទេសរបស់ខ្លួននឹងត្រូវបានផ្លាស់ប្តូរទៅជាសាធារណរដ្ឋម៉ាសេដូនខាងជើងដែរឬយ៉ាងណា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨។
ការបោះឆ្នោតខាងលើត្រូវបានធ្វើឡើង ក្រោមការទទូចពីសំណាក់រដ្ឋាភិបាល ដែលមានទំនោរទៅរកលោកខាងលិច ក្នុងគោលដៅបើកផ្លូវសម្រាប់ការចូលជាសមាជិកនៃអង្គការ NATO និងសហភាពអឺរ៉ុបជាដើម។ ការធ្វើប្រជាមតិនេះទៀតសោត គឺជារនាំងចុងក្រោយ សម្រាប់កិច្ចព្រមព្រៀងរវាងម៉ាសេដូននិងក្រិច ដែលសម្រេចបានកាលពីខែមិថុនាកន្លងទៅ ដើម្បីដោះស្រាយវិវាទរាប់ទសវត្សរ៍ដោយសារបញ្ហាឈ្មោះនេះ ដែលបានរារាំងមិនឲ្យប្រទេសម៉ាសេដូន ចូលរួមជាសមាជិកក្នុងស្ថាប័នធំៗនៅអឺរ៉ុប ចាប់តាំងតែពីប្រទេសនេះ បានផ្តាច់ខ្លួនចេញពីអតីតប្រទេសយ៊ូហ្គោស្លាវី កាលពីឆ្នាំ១៩៩១។
ប្រទេសក្រិច ដែលមានខេត្តភាគខាងជើងឈ្មោះថា «ម៉ាសេដូន» ដែរនោះ តែងតែបានរក្សាជំហរថា ឈ្មោះរបស់ប្រទេសម៉ាសេដូនសព្វថ្ងៃ ទំនងជាឆ្លុះបញ្ចាំងថាប្រទេសនេះ ហាក់ដូចមានសិទ្ធិកាន់កាប់មកលើទឹកដីរបស់ប្រទេសក្រិច។ ហេតុដូច្នេះហើយ ក្រិច បានប្រើសិទ្ធិវេតូ ចំពោះការចូលជាសមាជិកភាពរបស់ម៉ាសេដូន ទៅកាន់ NATO និង EU។
គួរជម្រាបថា លទ្ធផលនៃការធ្វើប្រជាមតិខាងលើ ពុំមែនត្រូវតែគោរពតាមមួយរយភាគរយនោះឡើយ ដោយវាគ្រាន់តែជាការស្ទង់មតិរបស់ប្រជាជនប៉ុណ្ណោះ ប៉ុន្តែសមាជិកសភាម៉ាសេដូន បានបញ្ជាក់ថា នឹងគោរពតាមលទ្ធផលនៃការបោះឆ្នោត ខណៈការប្តូរឈ្មោះត្រូវការសំឡេងភាគច្រើន០២ភាគ០៣នៅក្នុងសភា៕