(អង់ការ៉ា)៖ ដោយសារមានការឱនភាពសេដ្ឋកិច្ចរហូតដល់១៥.៤ភាគរយ នៅក្នុងខែកញ្ញានេះ ក្តីបារម្ភក៏លើសេដ្ឋកិច្ច តួកគីមានការផ្ទុះឡើងយ៉ាងខ្លាំងស្របពេលដែលប្រទេសនេះកំពុងព្យាយាមដោះស្រាយនឹងវិបត្តិសេដ្ឋកិច្ចខ្លួន។
ស្របពេលដែលមានវិបត្តិសេដ្ឋកិច្ចនេះដែរ ក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយឈ្មោះថា Tofas នឹងផ្អាកដំណើរការរោងចក្ររបស់ខ្លួននៅឯខេត្ត Bursa ភាគពាយព្យប្រទេសតួកគីរយៈពេល០៩ថ្ងៃ ដោយគិតចាប់ពីខែតុលាខាងមុខ ដោយសារមានការធ្លាក់ចុះតម្រូវការទីផ្សារក៏ដូចជាការបាត់បង់ភាគហ៊ុនចំនួន៥ភាគរយដែរនោះ។
បើយោងទៅតាមទិន្នន័យប្រមូលដោយ វិទ្យាស្ថានស្ថិតិតួកគី (TurkStat) សន្ទស្សន៍ភាពទំនុកចិត្តលើសេដ្ឋកិច្ចរបស់តួកគីបានធ្លាក់ចុះរហូតទៅ៧១ឯកតា គិតពីខែកក្កដា មកត្រឹមខែកញ្ញាកន្លងទៅនេះ។
នេះគឺការធ្លាក់ចុះខ្ពស់បំផុត នៅក្នុងប្រវត្តិសាស្ត្រតួកគីតាំងពីឆ្នាំ២០០៩មក។ សន្ទស្សន៍ភាពទំនុកចិត្តលើសេដ្ឋកិច្ច ចង្អុលបង្ហាញពី ការព្យាករសេដ្ឋកិច្ចដែលមានភាពវិជ្ជមានរបស់សេដ្ឋកិច្ចសម្រាប់ពិន្ទុ១០០ឡើង និងអវិជ្ជមានសម្រាប់ពិន្ទុតិចជាង១០០។
រូបិយប័ណ្ណលីរ៉ារបស់តួកគី បានទទួលរងអតិផរណាដែលបណ្តាលឲ្យតម្លៃធ្លាក់ចុះរហូតដល់៤០ភាគរយ ក្នុងឆ្នាំនេះ ដោយសារក្តីបារម្ភពីការជ្រៀតជ្រែកនិងក៏ដូចជាឥទ្ធិពលរបស់លោក Erdogan ទៅលើគោលនយោបាយហិរញ្ញវត្ថុ រួមទាំងការមិនចុះសម្រុងជាមួយនឹងមហាយក្សអាមេរិក ហើយទាំងនេះបានបណ្តាលឲ្យក្រុមហ៊ុនផលិតធំៗបាត់បង់ទំនុកចិត្ត។
Tofas គឺជាក្រុមហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនសំខាន់ទាំង ៥ ក្នុងការផលិកគ្រឿងយន្តទៅតួកគី ហើយក៏ជាអ្នកនាំចេញប្រមាណ ២០ភាគរយនៃបរិមាណនាំចេញទាំងអស់និង ៨០ភាគរយនៃបរិមាណផលិតសរុបសម្រាប់ការផ្គត់ផ្គង់។ ការនាំចេញរបស់ក្រុមហ៊ុននេះបានឡើងដល់១.៣លានគ្រឿងនៅក្នុងឆ្នាំមុន តែធ្លាក់ចុះប្រមាណ៥.៥ភាគរយគិតត្រឹមខែសីហា ឆ្នាំ២០១៨នេះ។
នៅក្នុងស្រុកវិញ ផ្នែកផលិតគ្រឿងយន្តនេះបានធ្លាក់ចុះកម្រិតការលក់របស់ខ្លួនរហូតដល់២១ភាគរយ ក្នុងរយៈពេល០៨ខែដំបូងក្នុងឆ្នាំ ២០១៨ ហើយការធ្លាក់ចុះនេះកាន់តែកើនឡើងក្នុងខែសីហាតែម្តង ស្របពេលដែលទីផ្សាររបស់ខ្លួនបានបាត់បង់អស់៥៣ភាគរយ។ ទន្ទឹមនឹងនេះការផលិតក៏ថយចុះជាង៣៤ភាគរយដែរ។
ទិន្នន័យសេដ្ឋកិច្ចប្រចាំខែនេះ គឺមានសភាពធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេល០៩ឆ្នាំចុងក្រោយនេះ។ ស្របពេលនេះដែរ អតិផរណាក៏បានកើនឡើងខ្ពស់បំផុតក្នុងរយៈពេល១៥ ឆ្នាំ ហើយនឹងអាចឡើងដល់២០ភាគរយ ក្នុងឆ្នាំ២០១៨នេះ។ ធនាគារកណ្តាល បានធ្វើការឆ្លើយតបដោយកាត់បន្ថយអត្រាការប្រាក់ទៅដល់៦.២៥ភាគរយ និងអនុវត្តកម្មវិធីសេដ្ឋកិច្ចដើម្បីស្ដារស្ថានភាពឡើងវិញ។
នៅក្នុងគម្រោងនេះ តួកគីសម្រេចបានច្រើនជាងការព្យាករណ៍សម្រាប់ឆ្នាំ២០១៨ និងឆ្នាំក្រោយទៀត តែមិនអាចផ្តល់ទំនុកចិត្តឲ្យបណ្តាអ្នកបណ្ដាក់ទុន ដែលចង់ទទួលការវិភាគច្បាស់ពីសេដ្ឋកិច្ច និងគម្រោងក្នុងការផ្តល់ជំនួយដល់ធនាគារបាន ដោយសារសេដ្ឋកិច្ចមិននឹងនរបែបនេះ។
ធនាគារ Akbank ដែលជាធនាគារធំជាងគេលេខ០៥ នៅតួកគីបានតម្កល់ទុកទឹកប្រាក់ចំនួន៩៨០លានដុល្លារកាលពី ហើយឯកភាពនឹងបង្កើតបរិមាណបុព្វលាភក្នុងការផ្តល់ឥណទាននៅខែមីនា ដើម្បីទប់នឹងហានិភ័យដែលធនាគារកំពុងប្រឈមមុខ។ រូបិយប័ណ្ណតួកគីទើបទទួលបានស្ថិរភាពតម្លៃ នាពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលក្នុងនោះ៦.០៨៧លីរ៉ា ស្មើនឹង១ដុល្លារអាមេរិក។ នេះអាចចាត់ទុកថាជា ភាពប្រសើរឡើងវិញបើធៀបនឹងតម្លៃ៧.២៤ លីរ៉ា ស្មើ១ដុល្លារកាលពីខែកន្លងទៅ។
គួរជម្រាបថា បណ្ដាញសារព័ត៌មាន Reuters ក៏បានរាយការណ៍ថាមានក្រុមហ៊ុនចិនធំៗមួយចំនួន ដែលរាប់បញ្ចូលទាំង Alibaba កំពុងតែស្វែងរកឱកាសផ្សេងៗនៅក្នុងប្រទេសតួកគី និងព្រមទាំងបានជួបជាមួយក្រុមហ៊ុនតួកគីក្រោយពីដឹងថាតម្លៃនៃទំនិញក្នុងស្រុកធ្លាក់ចុះ៕
ប្រភពព័ត៌មាន៖ Reuters