(បាងកក)៖ រដ្ឋមន្រ្តីចំនួន០៤រូបនៃរដ្ឋាភិបាលយោធាថៃ បានប្រកាសបើកគណបក្សនយោបាយថ្មីមួយ នៅចំពោះមុខការសង្ស័យថា ក្រុមមន្រ្តីទាំងនេះ នឹងជួយជ្រោមជ្រែងនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ឲ្យនៅបន្តកាន់អំណាចទៅមុខទៀត ក្រោយការបោះឆ្នោតសាកល ដែលត្រូវបានសន្យាថានឹងប្រព្រឹត្តទៅឆាប់បំផុតនៅខែកុម្ភៈ និងយូរបំផុតត្រឹមខែឧសភា ឆ្នាំ២០១៩។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨។
កាលបរិឆ្ឆេទខាងលើនាឆ្នាំក្រោយនេះ គឺជាកាលកំណត់ចុងក្រោយបំផុត ដែលរដ្ឋាភិបាលយោធារបស់ លោក ប្រាយុទ្ធ បានសន្យាថានឹងរៀបចំការបោះឆ្នោតសាកល ដែលនឹងអនុញ្ញាតឲ្យប្រទេសថៃ វិលទៅរកការគ្រប់គ្រងបែបស៊ីវិលវិញ បន្ទាប់ពីស្ថិតក្រោមការដឹកនាំដោយរដ្ឋាភិបាលយោធាអស់រយៈពេលជាង០៤ឆ្នាំមកហើយ។ ប៉ុន្តែនាពេលកន្លងមកនេះ រដ្ឋាភិបាលថៃ ក៏ធ្លាប់បានពន្យារពេលជាច្រើនលើកច្រើនសាផងដែរ។
គណបក្សខាងលើមានឈ្មោះថា Palang Pracharat នឹងត្រូវដឹកនាំដោយរដ្ឋមន្រ្តីឧស្សហកម្មថៃ លោក Uttama Savanayana ខណៈស្ថាបនិក០៣រូបទៀត រួមមាន រដ្ឋមន្រ្តីវិទ្យាសាស្រ្ត-បច្ចេកវិទ្យា លោក Suvit Maesincee រដ្ឋមន្រ្តីអមការិយាល័យនាយករដ្ឋមន្រ្តី លោក Kobsak Pootrakool និងរដ្ឋមន្រ្តីពាណិជ្ជកម្ម លោក Sontirat Sontijirawong។
គួរជម្រាបថា ការប្រកាសបង្កើតបក្សនយោបាយនេះ បានកើតមានឡើង បន្ទាប់ពី លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា រូបលោកមានចំណាប់អារម្មណ៍ក្នុងឆាកនយោបាយ។ រដ្ឋមន្រ្តីទាំង០៤រូបខាងលើ គឺជាអ្នកដំបូងគេនៅក្នុងជួរគណៈរដ្ឋមន្រ្តីរបស់លោក ប្រាយុទ្ធ ដែលបានបង្កើតគណបក្សនយោបាយ។ ទន្ទឹមនឹងនេះ មន្រ្តីទាំង០៤រូប ពុំបានប្រកាសលាលែងពីមុខតំណែងបច្ចុប្បន្ននោះឡើយ៕