(យូអិន)៖ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក រី យ៉ុងហូ (Ri Yong Ho) បាននិយាយថា ប្រទេសរបស់លោក នឹងពុំមានថ្ងៃបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន ជាដាច់ខាត ប្រសិនបើទីក្រុងព្យុងយ៉ាងនៅតែមិនអាចជឿទុកចិត្តទីក្រុងវ៉ាស៊ីនតោនបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន The Washington Post នៅយប់ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨។
ការថ្លែងបែបនេះរបស់ប្រមុខការទូតកូរ៉េខាងជើង ត្រូវបានធ្វើឡើងនៅឯមហាសន្និបាតនៃអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក។ លោក រី បានទទូចឲ្យសហរដ្ឋអាមេរិក គោរពតាមការសន្យាដែលបានធ្វើឡើង ក្នុងអំឡុងកិច្ចប្រជុំកំពូល នៅប្រទេសសិង្ហបុរី កាលពីប៉ុន្មានខែមុន រវាងមេដឹកនាំនៃប្រទេសទាំងពីរ។
គួរជម្រាបថា ប្រតិកម្មរបស់លោក រី យ៉ុងហូ បានកើតមាន បន្ទាប់ពីការបន្តដាក់ទណ្ឌកម្ម និងការជំទាស់របស់សហរដ្ឋអាមេរិក ចំពោះការព្យាយាមព្រមព្រៀងលើសេចក្តីប្រកាសបញ្ចប់សង្រ្គាមនៅឧបទ្វីបកូរ៉េ។ ទីក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភអំពីរឿងនេះ ដោយសារតែខ្លួន យល់ថាពុំទាន់ឃើញទីក្រុងព្យុងយ៉ាង បានបោះជំហានគួរឲ្យកត់សម្គាល់ ទាក់ទិននឹងដំណើរការរំសាយអាវុធនុយក្លេអ៊ែរ។
ទន្ទឹមនេះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានបង្ហាញពីក្តីបំណង ដើម្បីរៀបចំកិច្ចប្រជុំកំពូលជាថ្មីម្តងទៀតផងដែរ ខណៈ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ (Mike Pompeo) គ្រោងនឹងទៅបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង នាខែក្រោយនេះ ដើម្បីចាត់ចែងសម្រាប់ជំនួបត្រាំ-គីមលើកទីពី៕