(ពិភពលោក)៖ «អឺរ៉ុបចាំបាច់ត្រូវផ្សាភ្ជាប់ទំនាក់ទំនង ក្នុងគម្រោង​ហេដ្ឋារចនាសម្ព័ន្ធខ្សែ​ក្រវ៉ាត់មួយ ផ្លូវមួយ ដែលដឹកនាំ​ដោយរដ្ឋាភិបាលក្រុង ប៉េកាំង ដោយសារតែវិសាលភាព និងឥទ្ធិពលយ៉ាងខ្លាំង​សម្បើមនៃគម្រោង​ដ៏ធំនេះ»។ នេះជាការលើកឡើង​របស់លោកស្រី Michael Clauss ឯកអគ្គរដ្ឋទូតអាឡឺម៉ង់​ប្រចាំប្រទេស​ចិន។

លោកស្រីបន្តថា មិនតែប៉ុណ្ណោះ​យើងគួរតែលើកគម្រោងនេះ​មកកាន់តុពិភាក្សា ដោយសារចំណុច​ពិសេសនៃគម្រោងនេះ ផ្ដោតសំខាន់ទៅលើបរិបទ​ក្នុងតំបន់ និងតម្លាភាព។
«គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» កំពុងមានឥទ្ធិពល​យ៉ាងខ្លាំង ខណៈដែល​ការវិនិយោគ និងការទំនាក់ទំនង​រវាងចិន​ជាមួយបណ្ដាប្រទេស​ ដែលស្ថិតក្នុង​គម្រោងក៏កាន់តែ​ប្រសើរឡើង ប៉ុន្តែជាអកុសល្យ​គម្រោងនេះហាក់​បែរដូចជា មានភាពដាច់ឆ្ងាយ​ពីតំបន់អភិវឌ្ឍ​ន៍នៃអឺរ៉ុប និងសហរដ្ឋអាមេរិក​ទៅវិញ។

គម្រោង​ខាងលើនេះ ត្រូវបានផ្គត់ផ្គង់ដោយ​រូបិយវត្ថុបម្រុងបរទេស និងសហគ្រាស​ក្រោមការគ្រប់គ្រង​របស់រដ្ឋ ដែលមានតម្លៃ​ជាទឹកប្រាក់រហូត ៣លានលានដុល្លារ។ ជាមួយគ្នានេះ​ផងដែរនោះ ផ្លូវជំនួញ​សូត្រថ្មី ក៏បានឆ្លុះបញ្ចាំង​ពីមហិច្ឆតាភូមិសាស្ត្រ​នយោបាយ របស់រដ្ឋាភិបាល​ក្រុង​ប៉េកាំងផងដែរ។ វាបង្ហាញ​ពីយុទ្ធសាស្ត្រ​នៃមេដឹកនាំចិន ចង់គ្រប់គ្រង​លើតំបន់ដ៏ធំមួយ ដែលមានទំហំ​ស្មើជាងពាក់កណ្តាល​ នៃពិភពលោកទាំងមូល។

ខ្សែក្រវ៉ាត់ និងផ្លូវថ្នល់គឺជាភ័ស្តុតាងបន្ថែមទៀត​ដែលបង្ហាញថា ប្រទេសចិន​មាន​បំណង​ព្យាយាមពង្រីក​សកលភាវូបនីយកម្ម ដែលជាសញ្ញា​នៃការអភិវឌ្ឍដ៏វិជ្ជមានមួយ។ យ៉ាងនេះក្តី ទម្រង់​សកលភាវូបនីយកម្មថ្មី​របស់ចិននេះ មិនដូចជា​សកលភាវូបនីយកម្ម​ ដែលយើង​ធ្លាប់ជួបកន្លងមក​នោះទេ។ សម្រាប់​ទ្វីបអឺរ៉ុប សកលភាវូបនីយកម្ម​ត្រូវបានបើកចំហ ទីផ្សារ ត្រូវផ្អែកលើ និងអនុវត្តន៍​ដោយអនុឡោម​តាមសន្ធិសញ្ញា ដែលត្រូវ​បានចរចារ និងអនុវត្តន៍ដោយគ្រប់ភាគីទាំងស្មើភាពគ្នា ដោយធានា​បាននូវលំហូរនៃទំនិញ សេវាកម្ម ព័ត៌មាន និងគំនិត​មតិយោបល់​ដោយ​សេរី។

* ចំណែក​សកលភាវូបនីយកម្ម​របស់ចិន មានន័យយ៉ាង​ដូចម្តេច?

ជាប្រព័ន្ធមួយ​ដែលរដ្ឋាភិបាលក្រុង ប៉េកាំង គ្រប់គ្រងគ្រប់ច្រក​ដើរទាំងអស់ ជាមួយនឹង​ទម្រង់ថ្មីមានលក្ខណៈមិនផ្លូវការ ដឹកនាំដោយប្រទេសចិន ដោយលុបបំបាត់​សន្ធិសញ្ញា​ផ្លូវការ។

* តើគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ មានអត្ថន័យយ៉ាងណាចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន?

ខណៈដែល​ប្រទេសចិន​ប្រកាសអំពី «គំនិតផ្តួចផ្តើម​ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» ដែលជាការបោះ​ជំហានឆ្ពោះផ្លាស់ប្តូរ​ ឆ្ពោះទៅរកកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ចសកលនោះ ភាពរីកចម្រើន​នៃគម្រោងនេះ ក្លាយ​ជាសញ្ញាក្រើនរំឮកដល់សហរដ្ឋអាមេរិក ឱ្យប្រុងប្រយ័ត្ន​ជាប់ជានិច្ច​ចំពោះការកើនឡើងយ៉ាងសម្បើម​ នូវឥទ្ធិពលរបស់ចិន​ក្នុងតំបន់។

យុទ្ធសាស្រ្តនេះ មិនត្រឹមតែជួយរុញច្រានកំណើនសេដ្ឋកិច្ចប្រទេសចិនប៉ុណ្ណោះទេ តែវាក៏ជាបានក្លាយជាឧបសគ្គរារាំងដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួនដែលគ្មានវត្តមានចិនផងដែរ ដែលក្នុងនោះមានដូចជាកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកជាដើម។ ជាងនេះទៅទៀតនោះ មិនថាសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តអាមេរិក​នៅតំបន់អាស៊ី ព្រមទាំងប្រទេស​ជប៉ុនជាដើម សុទ្ធតែមិនអាច​ក្លាយជាសមាជិក​ នៃធនាគារវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ីហៅកាត់ថា AIIB ដែលដឹកនំា​ប្រទេស​ចិន​ឡើយ។ មិនតែប៉ុណ្ណោះ សូម្បីតែថ្នាក់ដឹកនាំនៃបណ្ដាប្រទេសទាំងនោះ ក៏គ្មានមុខចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះផងដែរ។

* តើផ្លូវសូត្រថ្មីរបស់ប្រទេសចិនមានអត្ថន័យដូចម្តេចសម្រាប់អឺរ៉ុប និងរុស្ស៊ី?

បណ្តាប្រទេស​អឺរ៉ុបជាច្រើនបាន​បង្ហាញការស្វាគមន៍ ចំពោះគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់រដ្ឋាភិបាលចិន ដោយសង្ឃឹមថាគម្រោងនេះជួយទាក់ទាញវិនិយោគិន និងការអភិវឌ្ឍក្នុងតំបន់បន្ថែមទៀត។ យ៉ាងនេះក្តី មជ្ឈដ្ឋានខ្លះនៅតែបន្តស្ទាក់ស្ទើរ អំពីឥទ្ធិពល និងការរីកលូតលាស់របស់រដ្ឋាភិបាលក្រុងប៉េកាំង នៅអឺរ៉ុប។
ដោយឡែកបណ្ដា​ប្រទេសខ្លះទៀតនៅអឺរ៉ុប ដូចជាចក្រភពអង់គ្លេស​បានបង្ហាញនូវឆន្ទៈ ចូលរួមក្នុងស្ថាប័ន​ក្រោមការដឹកនាំដោយ​រដ្ឋាភិបាលចិន ដូចជាគម្រោង​ធនាគារ AIIB ជាដើម បើទោះបីស្ថាប័នទាំងនោះ បានបដិសេធ​វត្តមានសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន គឺសហរដ្ឋអាមេរិកក្ដី។

សម្រាប់​ប្រទេសរុស្ស៊ី គម្រោងផ្លូវសូត្រ​បានដើរតួនាទី​ក្នុងការផ្ដល់នូវផលប្រយោជន៍​ដល់ទាំងប្រទេស​ចិន និងរុស្ស៊ី ដោយគម្រោង​នេះបានជំរុញ​អោយទំនាក់ទំនង​ រវាងនៃ​មហាអំណាច​ទាំងពីរ កាន់តែមានភាព​ស្អិតល្មួត តាមរយៈការវិនិយោគ និងដំណើរការគម្រោងរួមគ្នា។ កុំភ្លេចថា ភាគច្រើននៃ​គម្រោងរបស់​រដ្ឋាភិបាល​ចិន បានពឹងផ្អែកយ៉ាង​ខ្លាំងលើកិច្ច​សហប្រតិបត្តិការ និងការចូលរួម​របស់រុស្ស៊ី នោះក៏ដោយសារតែ​រុស្ស៊ី ធ្លាប់មាន​ឥទ្ធិពលយ៉ាងខ្លាំងក្លា​នៅក្នុងតំបន់​អាស៊ីកណ្តាល​ នាសម័យប្រវត្តិសាស្ត្រ។

ជាងនេះ​ទៅទៀតនោះ គម្រោងនេះ​ទទួលបានសន្ទុះកាន់តែខ្លាំង ដែលជាលទ្ធផល​​នៃការធ្លាក់ចុះឥទ្ធិពល​​របស់អាមេរិក ​នៅក្នុងតំបន់​​អាស៊ីបូព៌ា បន្ទាប់ពីការដក​ខ្លួនចេញពីកិច្ចព្រមព្រៀង​ នៃភាពជាដៃគូ​អន្តរប៉ាស៊ីហ្វិក។ គម្រោងខ្សែ​ក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិន កំពុងពង្រីក​វិសាលភាព និងឥទ្ធិពលដ៏ខ្លាំងក្លា ដូច្នេះការមើលងាយ​ចំពោះឥទ្ធិពល​ នៃគម្រោងខាងលើនេះ គឺជាកំហុសឆ្គង​យុទ្ធសាស្ត្រមួយ ដែលអឺរ៉ុប និងអាមេរិក​មិនអាចព្រងើយកន្តើយបានឡើយ៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា