(ម៉ូស្គូ)៖ ការចោទប្រកាន់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) ថា អ៊ីរ៉ង់មានរោងចក្រអាវុធនុយក្លេអ៊ែរ សំងាត់មួយនៅក្នុងទីក្រុងតេហេរ៉ង់ គឺគ្រាន់តែជាលេសមួយដើម្បីញុះញង់ឱ្យអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិកចាត់វិធានការ ឬក៏បើកការវាយប្រហារប្រឆាំងនឹងតេហេរ៉ង់តែប៉ុណ្ណោះ។ នេះបើតាមលោក ធីម អាន់ដឺសុន (Tim Anderson) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨។
លោក Tim Anderson ជាសាស្ត្រាចារ្យផ្នែកកិច្ចការនយោបាយអន្តរជាតិ មកពីសាកលវិទ្យាល័យស៊ីដនី ប្រទេសអូស្ត្រាលី លើកឡើងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik។ ថ្លែងនៅក្នុងបទសម្ភាសន៍នោះ លោក Netanyahu បានគូសបញ្ជាក់ដូច្នេះថា «លោក Netanyahu គឺជាមនុស្សគ្រោះថ្នាក់ ហើយលោកកំពុងបង្កើតលេស ដូចដែលសហរដ្ឋអាមេរិកបានធ្វើ (នៅអ៊ីរ៉ាក់) នោះគឺការចោទអ៊ីរ៉ង់ថា មានអាវុធនុយក្លេអ៊ែរ ដើម្បីប្រើវាជាលេសបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់។ លើសពីនេះទៅទៀត ចេតនាបង្កសង្រ្គាមបានលេចចេញជារូបរាងឡើង ក្រោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បានព្រមានក៏ដូចជាបើការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់ លើមូលដ្ឋានទ័ពនៃកងជីវពលប្រដាប់អាវុធគំាទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសយ៉េមែន ស៊ីរី អ៊ីរ៉ាក់ និងលីបង់»។
គួរបញ្ជាក់ថា នាឱកាសថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉កកាលពីថ្ងៃព្រហស្បតិ៍ លោក Benjamin Netanyahu បានចោទប្រកាន់អ៊ីរ៉ង់ថា មានរោងចក្រអាវុធនុយក្លេអ៊ែរសំងាត់មួយ នៅក្នុងទីក្រុងតេហេរ៉ង់។ ប៉ុន្តែលោកមិនបានបញ្ជាក់ភស្ដុតាង ដើម្បីការពារការលើកឡើងរបស់លោកឡើយ ខណៈរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់នេះ ហើយថាអ៊ីស្រាអែលទៅវិញទេ ដែលប្រទេសតែមួយគត់ក្នុងតំបន់មជ្ឈិមបូព៌ា កំពុងលួចលាក់ផលិត និងស្ដុកទុកអាវុធនុយក្លេអ៊ែរ៕