(ហ្សាការតា)៖ គ្រោះធម្មជាតិរញ្ជួយផែនដីដ៏កក្រើកផ្ទួនៗ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដែលមានកម្រិតចាប់ពី ៦.១រ៉ិចទ័រ រហូតដល់ ៧.៧រ៉ិចទ័រ និងបានបង្កជារលកយក្សស៊ូណាមិ វាយសង្គ្រប់លើខេត្តភាគកណ្តាលប្រទេសឥណ្ឌូណេស៊ីនោះ បានផ្តាច់ជីវិតមនុស្សរហូតដល់ ៣៨៤នាក់ហើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានរុស្ស៊ី RT នារសៀលថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨។
តាមការបញ្ជាក់ពីអាជ្ញាធរឥណ្ឌូណេស៊ី គ្រោះរញ្ជួយដីកាលពីល្ងាចថ្ងៃសុក្រនោះ បានបង្កជារលកយក្សស៊ូណាមិ កម្ពស់ពីកន្លះម៉ែត្រ ដល់ ០៣ម៉ែត្រ នៅតាមតំបន់ឆ្នេរក្បែរទីក្រុងតាលីសា (Talisa) នៃស្រុកដុងហ្គាឡា (Dongala) និងតំបន់ជ្រោយទីក្រុងផាលូ (Palu) នៃខេត្តស៊ូឡាវ៉េស៊ី (Sulawesi) ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី ដោយកាលពីប៉ុន្មានម៉ោងមុននេះមានសេចក្តីរាយការណ៍ថា មនុស្សចំនួនតែ ៤៨នាក់ប៉ុណ្ណោះបានស្លាប់ និង ៣៥៦នាក់រងរបួស ប៉ុន្តែនៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍នេះ អាជ្ញាធរឥណ្ឌូណេស៊ីបានអះអាងថា គេបានរកឃើញសាកសពកើនដល់ ៣៨៤នាក់។
តាមការបញ្ជាក់ពីមន្ត្រីទទួលបន្ទុកពេលមានគ្រោះធម្មជាតិ នៃឥណ្ឌូណេស៊ីគឺលោក ស៊ូតូផូ នូក្រូហូ (Sutopo Purwo Nugroho) មនុស្សរងរបួសទាំងអស់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហើយ។ ក្រៅពីមនុស្សស្លាប់ និងរងរបួសរាប់រយនាក់នេះ អគារផ្ទះសម្បែង និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជារួមនៃខេត្តខាងលើនេះ ក៏បានទទួលរងការខូចខាត ឬបំផ្លិចបំផ្លាញយ៉ាងដំណំផងដែរ ដោយសាររញ្ជួយដីកម្រិតធ្ងន់ធ្ងរ និងរលកយក្សស៊ូណាមិ ដែលកម្រកើតមានបំផុត។
គួររំលឹកថា កាលពីឆ្នាំ២០០៤ កោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូណេស៊ី បានទទួលរងការវាយប្រហារដោយរលកយក្សស៊ូណាមិកម្ពស់ ១៥ម៉ែត្រ ក្រោយពីការកើតមានគ្រោះរញ្ជួយដីនៅមហាសមុទ្រឥណ្ឌា ដែលមានកម្រិតរហូតដល់ ៩.១រ៉ិចទ័រ និងបានផ្តាច់ជីវិតមនុស្សសរុបជាង ២២០,០០០នាក់ នៅតាមបណ្តាប្រទេសជុំវិញតំបន់នោះ ប៉ុន្តែឥណ្ឌូណេស៊ីជាអ្នករងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដោយមានប្រជាជនស្លាប់រហូតដល់ ១៦៨,០០០នាក់៕