ទីបំផុតព្យុះទីហ្វុងកំណាច Trami ចាប់ផ្តើមបោកសង្គ្រប់លើដែនដីជប៉ុន និងបណ្តាលឲ្យមនុស្ស០៥នាក់រងរបួស! (Photo inside)
29-09-2018 14:20
(តូក្យូ)៖ ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយឈ្មោះ ត្រាមិ (Trami) បានវាយប្រហារលើកោះអូគីណាវ៉ា នៃភាគខាងត្បូងប្រទេសជប៉ុននៅថ្ងៃសៅរ៍នេះ ដោយបណ្ដាលឱ្យមនុស្ស ០៥នាក់រងរបួស ខណៈមន្ត្រីឧតុនិយមព្រមានថា ព្យុះដ៏កំណាចនេះអាចនឹងបន្តមានឥទ្ធិពលនៅរហូត ដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរឧតុនិយមជប៉ុន ព្យុះទីហ្វុង Trami បានបក់បោកក្នុងល្បឿនខ្យល់អតិបរមា ២១៤គីឡួម៉ែត្រមួយម៉ោង ដោយនាំ មកជាមួយនូវភ្លៀងធ្លាក់យ៉ាងសន្ធប់ ដូចគេចាប់ហែកមេឃផងដែរ។ មិនតែប៉ុណ្ណោះ វាបានបង្ខំឱ្យអាជ្ញាធរជប៉ុនជម្លៀសមនុស្ស ៦០០នាក់ ទៅរកកន្លែងមានសុវត្ថិភាព នៅតាមជំរុំស្នាក់នៅបណ្ដោះអាសន្នលើកោះ អូគីណាវ៉ា ស្របពេលផ្ទះសម្បែរប្រជាជន ១២១,០០០ខ្នងគ្មានអគ្គិសនីប្រើប្រាស់ និងជើងហោះហើរចំនួន ៣៨៦ ត្រូវបានលុបចោល។
គួរជម្រាបថា Trami គឺជាព្យុះទីហ្វុងចុងក្រោយបំផុតមួយ ដែលបានវាយប្រហារលើប្រទេសជប៉ុននៅក្នុងឆ្នាំ២០១៨នេះ ក្រោយ ការវាយប្រហារពីព្យុះទីហ្វុង ជែប៊ី (Jebi) កាលពីដើមខែកញ្ញា៕