ប៉ាឡេស្ទីនកំពុងស្នើតុលាការយុត្តិធម៌អន្តរជាតិ ICJ បង្ខំឲ្យសហរដ្ឋអាមេរិកបិទស្ថានទូតរបស់ខ្លួននៅហ្សេរុយសាឡឹម! (Video inside)
29-09-2018 11:36
(ប៉ាឡេស្ទីន)៖ អាជ្ញាធរប៉ាឡេស្ទីនបានស្នើឱ្យតុលាការយុត្តិធម៌ (ICJ) បង្ខំឱ្យទីក្រុងវ៉ាស៊ីតោន បិទស្ថានទូតអាមេរិកប្រចាំទីក្រុងហ្សេរុយសាឡឹម ដោយសំអាងថា វាបានរំលោភលើអនុសញ្ញាទីក្រុងវីយែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨។
ការស្នើឡើងខាងលើរបស់អាជ្ញាធរប៉ាឡេស្ទីន ធ្វើឡើងនៅក្នុងពាក្យបណ្ដឹងដាក់ជូន ICJ ប្រឆាំងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ។ នៅក្នុងពាក្យបណ្ដឹងកម្រាស់ជាង ១៤ទំព័រ បានចោទប្រកាន់ថា ការរើស្ថានទូតអាមេរិកក្នុងប្រទេសអ៊ីស្រាអែល ទៅកាន់ទីក្រុងហ្សេរុយសាឡឹម គឺជាទង្វើរំលោភលើអនុសញ្ញាទីក្រុងវីយែន ស្ដីពីទំនាក់ទំនងការទូតចុះនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៦១។
គួរបញ្ជាក់ថា អាជ្ញាធរប៉ាឡេស្ទីន ក៏បានអំពាវនាវផងដែរឱ្យតុលាការយុត្តិធម៌អន្តរជាតិ ប្រកាសថា ការប្ដូរស្ថានទូតអាមេរិកទៅកាន់ទីក្រុងហ្សេរុយសាឡឹម បានរំលោភលើច្បាប់ការទូតអន្តរជាតិ និងបង្ខំឱ្យទីក្រុងវ៉ាស៊ីនតោន ដករាល់បេសកកម្មការទូតរបស់ខ្លួនទាំងអស់ ចេញពីទីក្រុងមួយនេះមកវិញ។
សហរដ្ឋអាមេរិកបានបើកស្ថានទូត ប្រចំាទីក្រុងហ្សេរុយសាឡឹមកាលពីខែឧសភា កន្លងទៅបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសជាសារធារណៈ ដោយទទួលស្គាល់ទីក្រុងបុរាណមួយនេះ គឺជារដ្ឋធានីរបស់អ៊ីស្រាអែលកាលពីខែធ្នូ ឆ្នាំ២០១៧ ហើយក៏បានបង្កអំពើហិង្សារវាងជនជាតិប៉ាឡេស្ទីន និងទាហានអ៊ីស្រាអែលនៅតំបន់ព្រំដែនហ្គាហ្សា-ស្ទ្រីព រហូតនាំឲមនុស្សស្លាប់ និងរងរបួសរាប់ពាន់នាក់៕