(ឡុងដ៍)៖ ទោះបីគឺជាសមាជិកអង្គការណាតូ ជាមួយសហរដ្ឋអាមេរិកក៏ដោយ ក៏តួកគីនៅតែសន្យាដដែលថានឹងចាត់វិធានការ ប្រឆាំងនឹងក្រុមអ្នកប្រឆាំងនឹងប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ នៅលើទឹកដីបរទេស ក្នុងនោះរួមទាំងសហរដ្ឋមេរិកផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NBC នៅថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨។
ការព្រមានបែបនេះរបស់តួកគី ធ្វើឡើងនៅក្នុងបរិបទដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអង់ការ៉ា កំពុងមានជម្លោះការទូតនឹងគ្នា ជុំវិញការឃុំខ្លួនអាចារ្យគ្រឹស្ដជនជាតិអាមេរិកម្នាក់ដោយអាជ្ញាធរតួកគី និងការចាប់ពង្រត់ពលរដ្ឋតួកគីរាប់សិបនាក់នៅតាមប្រទេស ចំនួន២០ ដោយទីភ្នាក់ងារចារកម្មតួកគី។
អ្នកនាំពាក្យលោក អឺដូហ្កាន់ គឺលោក Ibrahim Kalin ក៏បានបញ្ជាក់ដែរថាទីភ្នាក់ងារស៊ើបការណ៍សំងាត់ជាតិតួកគីអាចនឹង ធ្វើប្រតិបត្តិការមួយនៅឯបរទេសសំដៅប្រឆាំងនឹងក្រុមអ្នកប្រឆាំងនឹងប្រធានាធិបតីតួកគី និងក្រុមអ្នកគាំទ្រដល់ចលនានៃបុព្វជិត តួកគីម្នាក់ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងត្រូវបានចោទប្រកាន់ថាជាមេក្លោងនៅពីក្រោយការធ្វើរដ្ឋប្រហារមិនបាន សម្រេចនៅតួកគី។
គួរបញ្ជាក់ថា មកទល់នឹងពេលបច្ចុប្បន្ន អាជ្ញាធរតួកគីនៅតែបន្តប្រតិបត្តិការបោសសំអាតរបស់ខ្លួននៅឡើយ ដើម្បីចាប់ខ្លួនក៏ដូចជា បង្រ្កាបរាល់ជនសង្ស័យទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារមិនបានសម្រេចកាលពីឆ្នាំ២០១៤៕