(ញូយ៉ក)៖ បន្ទាប់ពីអវត្តមានពីអង្គការសហប្រជាជាតិអស់រយៈពេលជាង១៥ឆ្នាំ នៅទីបំផុតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad បានវិលត្រឡប់មកវិញហើយ ជាមួយការអំពាវនាវឱ្យស្ថាប័នអន្តរជាតិកំពូលមួយនេះធ្វើកំណែទម្រង់។ ព្រមពេលជាមួយ គ្នាលោកក៏បានសង្កត់ធ្ងន់ដែរថា ប្រទេសមហាអំណាចទាំង៥ ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខមិនគួរប្រើប្រាស់ ប្រជាធិបតេយ្យតាមបែបស្ដង់ដាររបស់ខ្លួន ដើម្បីផ្លាស់ប្ដូររបបដឹកនាំនៃប្រទេសណាមួយឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨។
ការអំពាវនាវរបស់លោក Mohamad ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូយ៉ក) ទៅ កាន់កិច្ចប្រជុំកំពូលមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣។ ថ្លែងនាឱកាសនោះ នាយករដ្ឋមន្ត្រីវ័យ៩៣ឆ្នាំរូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «នៅពេលដែលខ្ញុំថ្លែងសុន្ទរកថានៅទីនេះកាលពីឆ្នាំ២០០៣ ខ្ញុំធ្លាប់លើកឡើងថាពិភពលោកបានបាត់បង់ ផ្លូវដើររបស់ខ្លូន...ហើយ១៥ឆ្នាំក្រោយ ពោលគឺនៅថ្ងៃនេះខ្ញុំពិតសោកស្ដាយណាស់ដែលពិភពលោកមិនមានការផ្លាស់ប្ដូរអ្វីគួរឱ្យកត់
សម្គាល់...ដូច្នេះខ្ញុំយល់ថាត្រូវតែមានកំណែទម្រង់មួយដើម្បីពង្រឹងសមត្ថភាពកសាង និងពិពិធកម្មសេដ្ឋកិច្ច»។
គួរបញ្ជាក់ថា បើតាម លោក Mahathir Mohamad ប្រទេសទាំង៥ ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ UN (សហរដ្ឋអាមេរិក ចិន រុស្ស៊ី បារាំង និងអង់គ្លេស) មិនគួរប្រើប្រាស់ប្រជាធិបតេយ្យដើម្បីផ្លាស់ប្ដូររបបដឹកនាំណាមួយដែលបដិសេធ មិនទទួលយកប្រជាធិបតេយ្យតាមបបែបស្ដង់ដាររបស់ខ្លូននោះទេ។ លើសពីនេះទៅទៀត លោកថែមទាំងអះអាងថាសិទ្ធិវ៉េតូ គឺគួរតែធ្វើឡើងដោយសមាជិកអចិន្ត្រៃយ៍យ៉ាងហោចណាស់ចំនួន២ និងគំាទ្រដោយសមាជិកមិនអចិន្ត្រៃយ៍ចំនួន៣ នៃក្រុមប្រឹក្សាសន្តិសុខក្នុងការសម្រេចកិច្ចការណាមួយ៕