(ហ្សាការតា)៖ ទីភ្នាក់ងារភូគព្ភសាស្ត្រនៃប្រទេសឥណ្ឌូណេស៊ី បានបញ្ជាក់ថា រលកយក្សដែលបង្កឡើងដោយគ្រោះរញ្ជួយដី៧.៧រ៉ិចទ័រ ដែលកើតឡើងនៅក្បែរកោះ Sulawesi ភាគកណ្តាល បានវាយប្រហារទៅលើទីក្រុង Palu និងបង្កការបំផ្លិចបំផ្លាញមួយចំនួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅយប់ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
ការបញ្ជាក់ពីទីភ្នាក់ងារភូគព្ភសាស្ត្រឥណ្ឌូណេស៊ី ត្រូវបានធ្វើឡើង ក្រោយមានការបង្ហោះឃ្លីបវីដេអូមួយនៅលើបណ្តាញអ៊ីនធើណែត បង្ហាញឲ្យឃើញពីរលកដ៏ធំកម្ពស់ប្រហែលពីរម៉ែត្រ បានបោកបក់សង្រ្គប់ទៅលើឆ្នេរនៃទីក្រុង Palu បន្ទាប់ពីមានហេតុការណ៍រញ្ជួយដីយ៉ាងកក្រើក។ ទន្ទឹមនឹងនេះ បើតាមអាជ្ញាធរក្នុងតំបន់ ទឹករលកដែលបានជន់ជោរមកនោះ ហាក់បានថមថយទៅវិញហើយ ខណៈមិនទាន់មានការបញ្ជាក់ថា មានមនុស្សរងគ្រោះ ដោយសារការវាយប្រហារពីរលកយក្សនេះនៅឡើយទេ។
គួរជម្រាបថា នៅមុនរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រខាងលើ ក៏មានគ្រោះរញ្ជួយដីមួយផ្សេងទៀតកម្រិត៦.១រ៉ិចទ័រ ផងដែរ ដែលបានវាយអង្រួនភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី និងបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងយ៉ាងតិច១០នាក់របួស៕