(បាងកក)៖ ឧត្ដមសេនីយ៍ថៃ លោក Apirat Kongsompong នៅថ្ងៃសុក្រនេះ បានឡើងកាន់តំណែងជាមេបញ្ជាការកងទ័ពថៃថ្មីហើយ ខណៈប្រទេសថៃកំពុងត្រៀមខ្លួនត្រឡប់ទៅរកការដឹកនាំក្រោមរដ្ឋាភិបាលស៊ីវិលតាមរយៈការបោះឆ្នោតសកលមួយដែលនឹង ត្រូវធ្វើឡើងក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ ក្រោយការដឹកនាំក្រោមរបបយោធាជិត០៥ឆ្នាំមកនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
លោក Apirat Kongsompong មានអាយុ៥៨ឆ្នាំ គឺជាសមាជិកកងឆ្មាំរបស់ព្រះមហាក្សត្រនៃពលធំទីមួយកងទ័ពជើងគោកថៃនិងជាបេះដូងនៃកងទ័ពដែលស្មោះស្ម័គ្របំផុតនឹងខ្សែរាជវង្ស។ លោក Apirat គឺជាកូនប្រុសរបស់ឧត្ដមសេនីយ៍ថៃ លោក Sunthorn Kongsompon ដែលធ្លាប់បានដឹកនាំការធ្វើរដ្ឋប្រហារប្រឆាំងរដ្ឋាភិបាលថៃកាលពីឆ្នាំ១៩៩១ មិនតែប៉ុណ្ណោះលោកក៏ជាមនុស្សម្នាក់ទទួលបានការទុកចិត្តយ៉ាងខ្លាំងពីនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន គឺលោក ប្រាយុទ្ធ ចាន់អូចា ផងដែរ។
ជាមួយគ្នានោះដែរ ថ្លែងនៅក្នុងសុន្ទរកថាមុនឡើងកាន់តំណែង លោក Apirat បានលើកឡើងយ៉ាងខ្លីដូច្នេះថា៖ «ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ ពីសមត្ថភាពដើម្បីជាតិ និងប្រជាជនថៃ»។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងយោធា ព្រះមហាក្សត្រ និងអ្នកនយោបាយគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការការពារ ក៏ដូចជាថែរក្សា ស្ថិរភាពនៅក្នុងប្រទេសថៃ។ ប៉ុន្តែការតែងតាំងលោក Apirat Kongsompong ដែលជាប់សែឡាយអ្នកធ្វើរដ្ឋប្រហារ ត្រូវបានអ្នកជំនាញ មើលឃើញថាគឺជាការពង្រឹងអំណាចយោធា និងអាចធ្វើឱ្យប៉ះពាល់ដល់ការវិលត្រឡប់ទៅរកការដឹកនាំក្រោមរដ្ឋាភិបាលស៊ីវិល។
បើតាមការធ្លាប់អះអាងរបស់លោក ប្រាយុទ្ធ ចាន់អូចា កាលពីខែសីហាកន្លងទៅ ការបោះឆ្នោតសាកលនៅប្រទេសថៃ នឹងប្រព្រឹត្តទៅនាខែកុម្ភៈ ឆ្នាំ២០១៩៕