(នីហ្សេរីយ៉ា)៖ យន្តហោះយោធាពីរគ្រឿង ត្រូវបានអ្នកនាំពាក្យទ័ពអាកាសនីហ្សេរីយ៉ា បញ្ជាក់ថា បានជួបហេតុការណ៍ប៉ះទង្គិចគ្នា នាអំឡុងពេលហាត់សមត្រៀមសម្រាប់ថ្ងៃបុណ្យឯករាជ្យ ប៉ុន្តែពុំមានមនុស្សបាត់បង់ជីវិតឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមសាក្សីដែលបានប្រទះឃើញហេតុការណ៍ខាងលើ បានឲ្យដឹងថា ស្លាបនៃយន្តហោះទាំងពីរគ្រឿង បានឆាបប៉ះគ្នានៅលើផ្ទៃមេឃ ក្នុងរដ្ឋធានី Abuja ដែលជាហេតុធ្វើឲ្យយន្តហោះយ៉ាងតិចមួយគ្រឿងក្នុងចំណោមនោះ បានធ្លាក់បុកជម្រាលភ្នំ ស្ថិតក្នុងសង្កាត់ Mpape ហើយគេឃើញមនុស្សពី០៣ទៅ០៤នាក់ បានធ្លាក់ចុះមកដល់ដីដោយឆ័ត្រយោង។
គួរជម្រាប នីហ្សេរីយ៉ាង នឹងត្រូវប្រាព្ធពិធីអបអខួបលើកទី៥៨នៃបុណ្យឯករាជ្យ ដែលប្រទេសអាហ្រ្វិកខាងលិចនេះ ទទួលបានពីចក្រភពអង់គ្លេស នាថ្ងៃទី០១ ខែតុលាខាងមុខនេះ៕