(ហ្សាការតា)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរបំផុតមួយរហូតដល់ ៧.៧រ៉ិចទ័រ បានវាយប្រហារដែនកោះនៃខេត្តស៊ូឡាវ៉េស៊ី (Sulawesi) ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី នៅល្ងាចថ្ងៃសុក្រនេះ ដែលនាំឲ្យមានការចេញសេចក្តីព្រមានថា អាចកើតមានរលកយក្សស៊ូណាមិផងដែរ។ នេះបើតាមការចេញផ្សាយនៅមុខនេះបន្តិចដោយ Channel News Asia នាល្ងាចថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
អាជ្ញាធរតាមដានភូមិសាស្ត្ររបស់ឥណ្ឌូណេស៊ី បានធ្វើការចេញសេចក្តីព្រមានឲ្យប្រជាជននៅខេត្តស៊ូឡាវ៉េស៊ី ជាពិសេសនៅតំបន់ឆ្នេរភាគខាងលិចខេត្តនេះតែម្តង ជម្លៀសខ្លួនទៅរកទីខ្ពស់ៗដើម្បីបង្ការការកើតមានរលកយក្សស៊ូណាមិ។ បន្ថែមពីនេះទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS បានព្យាករណ៍ថា រញ្ជួយដីខាងលើនេះមានកម្រិត ៧.៥រ៉ិចទ័រ ដែលពីដំបូងឡើយត្រូវបានគេកំណត់ថា មានកម្រិតរហូតដល់ ៧.៧រ៉ិចទ័រឯណោះ។
គួរបញ្ជាក់ថា មុនគ្រោះរញ្ជួយដីកម្រិតធ្ងន់ កើតមានឡើងនៅល្ងាចថ្ងៃសុក្រនេះ កាលពីរសៀលថ្ងៃដដែល ក៏មានគ្រោះរញ្ជួយដីវាយប្រហារនៅខេត្តស៊ូឡាវ៉េស៊ី នេះផងដែរ ក្នុងកម្រិតបង្គួរ ៥.៩រ៉ិចទ័រ ដែលបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង១០នាក់រងរបួស ខណៈនេះគេនៅមិនទាន់ដឹងថា ជនរងគ្រោះមានចំនួនប៉ុន្មាននាក់បន្ថែមទៀតនោះឡើយ៕