(ញូយ៉ក)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ ម៉ូហាម៉េដ (Mahathir Mohamad) បានសន្យាថា រដ្ឋាភិបាលរបស់លោកនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយបំណុងរបស់រដ្ឋ ដែលបន្សល់ទុកដោយរដ្ឋាភិបាល នៃអតីតនាយករដ្ឋមន្ត្រីលោក ណាជីប រ៉ាហ្សាក់ ក្នុងរយៈពេលមួយទៅពីរឆ្នាំខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
លោក Mahathir បានបញ្ជាក់ទៀតថា ដើម្បីបន្ថយបំណុលរដ្ឋ រដ្ឋាភិបាលរបស់លោកនឹងផ្ដោតសំខាន់ លើការស្ដារឡើងវិញនូវធនធាន និងសេដ្ឋកិច្ចជាតិចាប់ពីពេលនេះតទៅ។ នាយករដ្ឋមន្ត្រីវ័យ ៩៣ឆ្នាំរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ចាប់ពីពេលនេះតទៅ អ្វីដែលយើងត្រូវធ្វើដំបូងគេ គឺដោះស្រាយបញ្ហាដែលបន្សល់ទុកដោយរដ្ឋាភិបាលមុន ដែលបានខ្ចីប្រាក់ពីបរទេសច្រើនជាង ២៤១ពាន់លានដុល្លារ។ វាពិតជាពិបាកសម្រាប់យើង ប៉ុន្តែក្នុងរយៈពេលមួយឆ្នាំទៅពីរឆ្នាំ យើងនឹងកាត់បន្ថយបំណុលនេះឱ្យបាន»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Mahathir Mohamad ធ្វើឡើងនៅក្នុងកិច្ចសន្ទនាជាមួយអ្នកតំណាងជាច្រើន មកពីតំបន់អាស៊ីនៅក្នុងទីក្រុងញូយ៉ក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅអាមេរិក)៕