(តូក្យូ)៖ យោធាជប៉ុន​នៅថ្ងៃសុក្រនេះ​បានទទួល​ស្គាល់ហើយថា កងកម្លាំងស្វ័យ​ការពារជប៉ុន ពិតជាបានចូលរួមធ្វើ​សមយុទ្ធយោធា​ផ្លូវអាកាស រួមគ្នាជាមួយ​យន្ដហោះទម្លាក់គ្រាប់បែក​អាមេរិក B-52 នៅឯតំបន់​សមុទ្រចិនខាងកើត និង​សមុទ្រជប៉ុន។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨។

ថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍​នៅថ្ងៃសុក្រនេះ យោធាជប៉ុន​បានបញ្ជាក់​យ៉ាងដូច្នេះថា «កងកម្លាំងស្វ័យ​ការពារជប៉ុន និងកងទ័ព​អាកាស​អាមេរិកបានដឹកនាំ​ការធ្វើ​សមយុទ្ធយោធា​​រួមគ្នា នៅឯតំបន់​សមុទ្រចិនខាងកើត និងសមុទ្រ​ជប៉ុន... ហើយ​សមយុទ្ធ​​ទ្វេភាគីនេះ​ នឹងជួយ​ពង្រឹងទំនាក់ទំនងរវាងជប៉ុន និងសហរដ្ឋអាមេរិក​ឲ្យកាន់តែរឹងមាំឡើង ព្រមទាំង​សមត្ថភាពឆ្លើយតប និងយុទ្ធសាស្ត្រទប់ទល់ជាមួយសត្រូវ​ផងដែរ»។

គួរបញ្ជាក់ថា បើតាមសេចក្ដី​ថ្លែងការណ៍ខាងលើ សមយុទ្ធយោធា​រវាងជប៉ុន និងសហរដ្ឋអាមេរិក ត្រូវបានធ្វើ​ឡើងកាលពីថ្ងៃព្រហស្បតិ៍ ដោយមានការចូលរួម​សំណាក់យន្ដហោះ​ចម្បាំង F-15 ចំនួន ១៤គ្រឿង និង F-2 ០២គ្រឿងមកពី​កងកម្លាំងស្វ័យ​ការពារ​ជប៉ុន និងយន្ដហោះ​ទម្លាក់គ្រាប់បែ​កអាមេរិក B-52 ០១គ្រឿងមកពីកោះហ្គាំ ដែលដំបូង​ឡើងត្រូវបាន​សារព័ត៌មានខ្លះ​អាងថា ០៤គ្រឿង។
ម្យ៉ាងវិញទៀតនេះគឺជាលើក​ដំបូងហើយ ដែលជប៉ុនចូលរួម​ធ្វើសមយុទ្ធជា​មួយសហរដ្ឋអាមេរិក​នៅឯតំបន់សមុទ្រ​ចិនខាងកើត​ ជាទីដែលជប៉ុន និងចិនកំពុង​មានជម្លោះ​ដែនទឹកនឹងគ្នា៕