(តូក្យូ)៖ ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុននៅថ្ងៃសុក្រនេះ បានធ្វើបទបង្ហាញពីគំរោងផលិតរថយន្ដ ដោយប្រើវត្ថុធាតុដើមបា្លស្ទិកចំរុះ ៩០ភាគរយ ប៉ុន្តែនៅមានមនុស្សមួយចំនួននៅតែគិតថា ការផលិតរថយន្ដប្លាស្ទិចនេះមិនអាចទៅរួចឡើយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមសារព័ត៌មានជប៉ុន NHK គំរោងផលិតរថយន្ដបា្លស្ទិកនេះ ត្រូវបានបង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រ មកពីសាកលវិទ្យាល័យទីក្រុងតូក្យូ និងក្រុមហ៊ុនផលិតរថយន្ដមួយចំនួននៅក្នុងស្រុក នៅក្រោមក្របខណ្ឌនៃកម្មវិធីរបស់រដ្ឋ ស្ដីពីបច្ចេកវិទ្យាច្នៃប្រឌិត។ បន្ថែមពីលើនេះ ក្រុមអ្នកវិទ្យាសាស្ត្របានឱ្យដឹងទៀតថា ដោយសាររថយន្ដនេះផលិតឡើងដោយប្លាស្ទិក នោះវានឹងមានទម្ងន់ស្រាលជាង ៤០ភាគរយ បើធៀបទៅនឹងរថយន្ដធម្មតា ប៉ុន្តែវាអាចជួយសន្សំសំច្ចៃថាមពលបានច្រើនលើសលប់ ដែលនឹងនាំទៅរកក្ដីសង្ឃឹមថ្មីក្នុងការអភិវឌ្ឍរថយន្ដអគ្គិសនី។
គួរបញ្ជាក់ថា គំរោងផលិតរថយន្ដពីប្លាស្ទិក ៩០ភាគរយរបស់ជប៉ុន ត្រូវបានមនុស្សខ្លះគេមើលថា «មិនអាចទៅរួចឡើយ មកពីខ្វះភាពរឹងមាំ»។ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនបានដោះស្រាយបញ្ហាទាំងនេះ ដោយប្រើប្រាស់ប្លាស្ទិកជាច្រើនប្រភេទរួមបញ្ចូលគ្នា ហើយម្យ៉ាងវិញទៀត ជប៉ុនគឺជាប្រទេសមានគំនិតច្នៃប្រឌិតខ្ពស់ណាស់។ ជាក់ស្ដែងនៅឆ្នាំ២០២០ នាឱកាព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងទីក្រុងតូក្យូ ជប៉ុននឹងដាក់ឱ្យដំណើរការរថយន្ដគ្មានមនុស្សបើក និងគ្រោងនឹងដាក់លក់នៅឆ្នាំ២០២២ នៅក្នុងប្រទេស៕