(អាមេរិក)៖ ទីភ្នាក់ងារអវកាស NASA បានគូសបញ្ជាក់ថា ព្រះច័ន្ទពុំមែនជាគោលដៅជំនួសឲ្យភពអង្គារ (Mars) ក្នុងការចេញបេសកកម្មបញ្ជូនមនុស្សឡើយ ទោះបីជាបច្ចុប្បន្ន NASA កំពុងផ្តោតសំខាន់លើការនាំយកអវកាសយានិក ទៅកាន់ឋានព្រះច័ន្ទក៏ដោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
ប្រធានអង្គារ NASA លោក ជីម ប្រៃដិនស្តាញ (Jim Bridenstine) បានសង្កត់ធ្ងន់ថា ភពក្រហមយក្យ «នៅតែជាគោលដៅចម្បងដ៏សំខាន់បំផុតដដែល» ហើយព្រះច័ន្ទ នឹងដើរតួជាស្ពានចម្លងនៅក្នុងកិច្ចប្រឹងប្រែង ដើម្បីឆ្ពោះទៅកាន់ទីនោះ។ និយាយជារួមទៅឋានព្រះច័ន្ទអាចចាត់ទុកថា ជាកន្លែងសម្រាប់ហាត់សម ខណៈ Mars គឺជាគោលដៅស្នូល។
បើតាមលោក Bridenstine ចំណុចពិសេសរបស់ព្រះច័ន្ទ គឺថា វាត្រូវការពេលធ្វើដំណើរត្រឹមតែ ០៣ថ្ងៃប៉ុណ្ណោះ ដើម្បីត្រឡប់មកផែនដីវិញ ដូច្នេះហើយយើងមានឱកាស ធ្វើតេស្តបច្ចេកវិទ្យាគ្រប់បែបយ៉ាង យើងអាចកាត់បន្ថយរាល់ហានិភ័យ យើងអាចព្យាយាមអនុវត្តន៍មធ្យោបាយផ្សេងៗ ដែលចាំបាច់ដើម្បីធ្វើការ និងរស់នៅលើភពដទៃ។ សរុបមកយើងអាចធ្វើរាល់រឿងទាំងនេះនៅលើព្រះច័ន្ទ ជាទីដែលថាប្រសិនបើមានបញ្ហាកើតឡើង ប្រសិនបើមានអាសន្នបន្ទាន់យើងដឹងច្បាស់ថា ពួកយើងអាចនាំយកមនុស្សរបស់យើងត្រឡប់មកផ្ទះវិញ។
ដើម្បីគាំទ្រការអះអាងរបស់លោក លោក Bridenstine បានរំលឹកអំពីបេសកកម្ម Apollo 13 របស់ NASA កាលពីឆ្នាំ១៩៧០ ដែលល្បីថា បានត្រឡប់មកផែនដីវិញដោយសុវត្ថិភាព ក្រោយពីបានជួបបញ្ហាធ្ងន់ធ្ងរមួយ នៅតាមផ្លូវឆ្ពោះទៅកាន់ឋានព្រះច័ន្ទ។ ប្រធាន NASA រូបនេះបានបន្ថែមថា បេសកកម្មឆ្ពោះទៅកាន់ឋានព្រះច័ន្ទ នាពេលបច្ចុប្បន្ន និងថ្ងៃអនាគត នឹងជួយជំរុញគម្រោងទៅកាន់ Mars របស់ NASA បោះជំហានទៅមុខកាន់តែលឿន។ NASA បានកំណត់គោលដៅថា នឹងបញ្ជូនមនុស្សទៅកាន់ភពអង្គារ នៅអំឡុងទសវត្សរ៍ឆ្នាំ២០៣០។
គួរជម្រាបថា សម្រាប់គម្រោងទាក់ទននឹងឋានព្រះច័ន្ទ នាខណៈពេលនេះ គឺ NASA កំពុងគ្រោងចាប់ផ្តើមកសាងស្ថានីយអវកាសខ្នាតតូចមួយ នៅក្បែរគន្លងរបស់ព្រះច័ន្ទ នៅឆ្នាំ២០២២ ដោយស្ថានីយនោះមានឈ្មោះថា Lunar Orbital Platform-Gateway ដែលនឹងអាចទទួលអវកាសយានិកឲ្យស្នាក់នៅបាននៅឆ្នាំ២០២៦។
ក្រុមអវកាសយានិក ត្រូវគេរំពឹងថា នឹងស្ថិតនៅលើស្ថានីយខាងលើ សម្រាប់រយៈពេលពី៣០ទៅ៩០ថ្ងៃ ដើម្បីធ្វើការងារស្រាវជ្រាវ និងពិសោធន៍ផ្សេងៗ។ ម៉្យាងវិញទៀត ក៏នឹងមានការចុះទៅជាន់លើផ្ទៃឋានព្រះច័ន្ទផ្ទាល់ផងដែរ ដោយការធ្វើបែបនេះ អាចនឹងប្រព្រឹត្តទៅនៅមុនដំណាច់ទសវត្សរ៍២០២០។
ជាមួយគ្នានេះ ការធ្វើដំណើរឡើងទៅកាន់ស្ថានីយ Gateway នេះមិនថា ដោយមនុស្ស ឬក៏រ៉ូបូតឡើយ នឹងពុំមែនជាភាពខ្នះខ្នែងរបស់ NASA តែឯងឡើយប្រសិនបើអ្វីៗប្រព្រឹត្តទៅតាមការគម្រោងទុក ដោយទីភ្នាក់ងារអវកាសអាមេរិកមានគោលដៅថា នឹងធ្វើឲ្យមូលដ្ឋាននេះក្លាយជាកន្លែងសម្រាប់ដោះដូរបទពិសោធន៍ និងព័ត៌មាន ហើយអាចប្រើប្រាស់ដោយក្រុមហ៊ុនឯកជននានា និងប្រជាជាតិដទៃបាន៕